សម្តេច ហ៊ុន សែន សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេសជាង៦០០លាននាក់ចងចាំនូវអនុស្សាវរីយ៍ក្នុងក្របខណ្ឌស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
K
Kimhuoy Klaing
10 មិថុនា 2023 05:00 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្លែងក្នុងព្រឹត្តិការណ៍បិទអាស៊ានប៉ារ៉ាហ្គេមកាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន ប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែមជូនអត្តពលិកមានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជាមួយការបិទព្រឹត្តិការណ៍កីឡានេះ សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស ដែលមានជាង៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម»

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឱ្យប្រព្រឹត្តទៅតាមនិយាម និងស្ដង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចេះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត។ សម្តេចអះអាងថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នឹងមានការចូលរួមពីប្រតិភូកីឡា ទ្រង់ទ្រាយធំជាងស៉ីហ្គេមទៅទៀត។

គួររំលឹកផងដែរថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកនេះដែលកម្ពុជាជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាបានបំបែកកំណត់ត្រាទទួលបានមេដាយច្រើនជាងបណ្តាឆ្នាំកន្លងមក​ ដោយបានមេដាយសរុប​៧០​ ក្នុងនោះមេដាយមាស​៩​ មេដាយប្រាក់១៨​ និងមេដាយសំរិទ្ធ៤៣​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត