
ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ដែលជាអ្នកបកប្រែ ក្នុងករណីរៀបចំគម្រោងការដាក់បន្ទុកលើនារីចិនម្នាក់ជាអតីតសង្សារ ថាបានប្រើប្រាស់ និងជួញដូរគ្រឿងញៀន ស្ថិតនៅអគារព្រីនស៍ បន្ទប់លេខ១១១៣ ក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ...។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនរួមមាន៖ ទី១. ឈ្មោះ តាង ហ្សាងវ៉ៃ Tang Zhang Wei ហៅកឺកឺ, ២.ឈ្មោះ ចៅ យ៉ាហុង Gao Ya Hong ហៅអាហាវ និងទី៣ ឈ្មោះ អេង ភក្រ្តា ហៅត្រា (អ្នកបកប្រែភាសាចិន) រីឯនារីរងគ្រោះជាជនជាតិចិនមានឈ្មោះ លូ ហ្សាវហ្ស៊ីន Lu Xiaoxin។ ប្រភពដដែល បានឱ្យដឹងថា ដើមឡើយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដោយបានទទួលព័ត៌មានពីអ្នកបកប្រែភាសាចិន ឈ្មោះ ត្រា ថាមានករណីស្ត្រីជនជាតិចិនម្នាក់ បានប្រើប្រាស់គ្រឿងញៀន និងមានគ្រឿងញៀននៅក្នុងបន្ទប់។ ភ្លាមៗលោក បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញចុះទៅដល់ទីតាំងកើតហេតុ ឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ ព្រមទាំងបាននាំខ្លួននារីជាជនជាតិចិនឈ្មោះ លូ ហ្សាវហ្ស៊ីន Lu Xiaoxin មកធ្វើការសាកសួរ និងបានដឹងថា នាងមិនចេះប្រើប្រាស់គ្រឿងញៀន និងមិនដែលរក្សាទុកគ្រឿងញៀនទេ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្ត្រីនោះ ជាលទ្ធផល (អវិជ្ជមាន) ឃើញថាស្ត្រីនោះមិនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

លោកស្នងការបានបន្តថា ដោយប្រើប្រាស់វិធានការជំនាញ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបកប្រែ និងអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត ដែលជាជនជាតិចិនធ្វើការសួរនាំទើបចុងក្រោយដឹងថា ពួកគេរៀបចំគម្រោងធ្វើបាបនារីរងគ្រោះ ដើម្បីឱ្យជាប់ពន្ធនាគារ។ មូលហេតុ ដោយសារនារីរូបនោះ និងជនសង្ស័យឈ្មោះតាង ហ្សាងវ៉ៃ ធ្លាប់មានទំនាក់ទំនងជាមួយគ្នាលុះពេលបែកគ្នា នាងទាមទារលុយច្រើនពេកទើបសម្រេចចិត្តរៀបចំគម្រោងនេះតែម្ដង។ គួរបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តស្រាវជ្រាវរកគ្រឿងញៀន និងចាត់ការតាមនីតិវិធី៕




