
រាជធានីភ្នំពេញ៖ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបិទចរាចរណ៍រថយន្តធុនធំមិនឱ្យធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីម៉ោង១:០០យប់រំលងអធ្រាត រហូតដល់ម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ...។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បញ្ជាក់ថា៖«សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំនៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក លេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែងសរុប ៣,៧០គីឡូម៉ែត្រ»។ ទន្ទឹមនឹងនោះ មន្ទីរសាធារណការ ក៏បានឱ្យដឹងបន្ថែមថា សម្រាប់រថយន្តធុនធំមកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គីឡូម៉ែត្រ ៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែក រថយន្តធុនធំចេញពីរាជធានីភ្នំពេញ ត្រូវវាងតាមផ្លូវលេខ២១បេ ទៅផ្លូវលេខ១១០ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក សម្រាប់រថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

សូមជម្រាបដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនឯកជនរបស់ចិន មានឈ្មោះថាក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ដោយនឹងចំណាយអស់ទឹកប្រាក់ប្រមាណ១,៣៥ពាន់លានដុល្លារអាម៉េរិក និងត្រូវការរយៈពេល៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។ ហើយផ្លូវនេះដែរមានគន្លងបើកបរចំនួន៤ ឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង៕





