គិតត្រឹមថ្ងៃទី១មិថុនា យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»សម្រាប់កុមារកម្ពុជាទទួលបានថវិកាជាងកន្លះលានដុល្លារ
អុន សម្ផស្ស
3 ឆ្នាំមុន

រាជធានីភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួនជាង៥២ម៉ឺនដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១ ខែមិថុនា ពោលគឺមួយថ្ងៃដំបូងនៃយុទ្ធនាការ។ នេះបើយោងតាមការបញ្ជាក់តាមរយៈផេកផ្លូវការរបស់«មូលនិធិគន្ធបុប្ផាកម្ពុជា» នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញចំនួនជាង ៥២ម៉ឺនដុល្លារអាម៉េរិក ពីសំណាក់សប្បុរសជនជាង ១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុលរបស់សប្បុរសជនរាប់ម៉ឺននាក់ជាមួយយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ប្រចាំឆ្នាំ២០២៣។ ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការនេះ និងចូលរួមបរិច្ចាគឱ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។

គួរបញ្ជាក់ថា ទោះបីជាយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេលតែ៣០ថ្ងៃ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយមិនមែន តែមិនមែនមានន័យថាមូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ ដោយហេតុថាមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬប្រមាណ ៤០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ក្នុងន័យនេះ និងក្នុងស្មារតី «ខ្មែរជួយខ្មែរ» មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត