ផលិតផលចម្រុះ និងគ្រឿងក្នុងសត្វខូចគុណភាពជាង៤តោននាំចូលពីថៃត្រូវបានសមត្ថកិច្ចបង្រ្កាប
យិត​​ ស្រីល័ក្ខ
02 មិថុនា 2023 07:00 AM

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបានគ្រឿងក្នុងសត្វខូចគុណភាព និងផលិតផលចម្រុះចំនួន ៤ ៤៤១គីឡូក្រាម នៅច្រកព្រំដែនតំបន់បឹងត្រកួន​ ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងការបង្ក្រាបនោះបានដកហូតផលិតផលសរុប៤ ៤៤១គីឡូក្រាមរួមមាន៖ ១-ពោះតាន់ជ្រូក ចំនួន ៤៤០គីឡូក្រាម, ២-ជើងទា ចំនួន ៥២៥គីឡូក្រាម, ៣-ប្រហិតសាច់មាន់ ចំនួន ២៧៦គីឡូក្រាម, ៤-ខ្យងប៉ារ៉ា ២០០គីឡូក្រាម, ៥-សាច់មឹក ១ ០០០គីឡូក្រាម, ៦-ត្រីសាបាក់  ២ ០០០គីឡូក្រាម។ សមត្ថកិច្ចបន្តថា ការបង្ក្រាបនេះដោយក្រុមអន្តរាគមន៍ការិយាល័យបង្រ្កាបចលនាសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយគយការិយាល័យច្រកព្រំដែនតំបន់បឹងត្រកួន គយចល័តចំណុចសាលាក្រហមនៃសាខាគយ និងរដ្ឋាករខេត្ត​ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ សាខាខេត្តបន្ទាយមានជ័យនៃអគ្គនាយកដ្ឋាន(កបប)។

សមត្ថកិច្ចគូសបញ្ជាក់បន្ថែមទៀតថា ចំពោះផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាពមិនបានត្រឹមត្រូវ​ ការវេចខ្ចប់មិនសមស្រប និងមានរយៈពេលច្រើនថ្ងៃហើយត្រូវបាននាំចូលមកកម្ពុជាដោយមានការឃុបឃិតគ្នារវាងឈ្មួញខ្មែរ-ថៃ រួមនឹងមន្ត្រីក្នុងតំបន់មួយចំនួន។​ សូមបញ្ជាក់ថា បន្ទាប់ពីធ្វើកំណត់ហេតុរួចកម្លាំងជំនាញបានសុំគោលការណ៍នីតិវិធី ពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោលតាមវិធានបសុពេទ្យ នៅថ្ងៃទីត្រង់ថ្ងៃទី០២ ខែមិថុនានេះផងដែរ៕ រាយការណ៍ដោយ៖ ឈុន​ មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត