រាជធានីភ្នំពេញ៖ សាច់ជ្រូក និងសាច់មាន់បង្កកចំនួន១១,៥តោន ខូចគុណភាព និងគ្មានសុវត្ថិភាព ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្រ្តី ក.ប.ប. សាខារាជធានីភ្នំពេញ សហការគ្នាចុះបង្ក្រាបនៅចំណុចវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានី នៅថ្ងៃទី២២មករា...។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា កាលពីថ្ងៃទី២១មករា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចឃាត់ពិនិត្យរថយន្តមួយគ្រឿង ដោយមន្ត្រីជំនាញរកឃើញថា មានសាច់ជ្រូក និងសាច់មាន់បង្កកចំនួនជាង១១តោន គ្មានលិខិតស្នាម និងខូចគុណភាព ដឹកមកពីខេត្តស្វាយរៀង ដើម្បីចែកចាយនៅរាជធានីភ្នំពេញ។ ក្នុងនោះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រី ក.ប.ប. បានយកសាច់ទាំងនោះទៅដុតបំផ្លាញចោល។ ជាមួយគ្នានេះ មន្រ្តីជំនាញ ក៏នៅបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបនូវរាល់ការនាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសអ្នកប្រើប្រាស់ គឺជាប្រជាពលរដ្ឋរងគ្រោះ។

ទោះយ៉ាងណា មហាជនបានសម្ដែងការហួសចិត្តបំផុត ដែលសាច់បង្កកទាំងអស់នេះ អាចហោះឆ្លងដែនចូលប្រទេសកម្ពុជាបានដោយសុវត្ថិភាព មិនបង្កការលំបាកដល់មន្ត្រីជំនាញការពារព្រំដែន ខណៈរថយន្តប្រភេទកុងតឺន័រអាចដឹកចេញ-ចូលបានរលូនបែបនេះ។ ប៉ុន្តែទន្ទឹមនោះ មហាជនក៏បានថ្លែងអរគុណដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលបានឃាត់ចាប់ស្ទាក់សាច់ខូចគុណភាពទាំងនេះ បានទាន់ពេលវេលា មិនឱ្យឈ្មួញទុច្ចរិតចែកចាយបន្តបាន ព្រោះថា បើចាប់មិនបានទេច្បាស់ណាស់ សាច់ខូចគុណភាពទាំងនោះ នឹងចែកចាយដល់ពលរដ្ឋរងគ្រោះ ទិញយកទៅធ្វើម្ហូបអាហារមិនខាន។ ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំប្រទេស សូមពិនិត្យមើលមន្ត្រីច្រកព្រំដែនផង បើបណ្តោយបែបនេះតទៅទៀត សុខភាពសាធារណៈច្បាស់ជាធ្លាក់ចូលទៅក្នុងមហន្តរាយមិនខាន និងសូមចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីខិលខូចទាងហ្លាយណាដែលបាននិងកំពុងអនុវត្តផ្ទុយពីច្បាប់កំណត់៕

