
(បាល់ទាត់)៖ ខ្សែបម្រើកណ្តាល Declan Rice របស់ក្រុម West Ham United បានក្លាយជាគោលដៅសំខាន់ក្នុងនាំយកទៅកាន់កីទ្បដ្ឋាន Allianz Arena របស់ក្លិប Bayern Munich នារដូវកាលក្រោយ ដោយក្លិបយក្សសអាល្លឺម៉ង់មួយនេះហ៊ានចំណាយលុយរហូតដល់ ៩៥លានផោនឯណោះ។ ខណៈដែល Bayern ក៏បានប្រាស័យទាក់ទងសាមីខ្លួនផ្ទាល់ផងដែរ។

Declan Rice ដែលមានវ័យ ២៤ ឆ្នាំរូបនេះក៏ស្ថិតក្នុងបញ្ជីបោះឆ្នោតជាកីទ្បាករល្អជាងគេរបស់ក្លិប West Ham United ប្រចាំរដូវកាល ២០២២-២៣ សម្រាប់ឆ្នាំទីពីរដែលកំពុងដំណើរការបោះឆ្នោត បន្ទាប់ពីបង្ហាញទម្រង់បានយ៉ាងល្អ អំទ្បុងពេលការប្រកួត English Premier League នារដូវកាលនេះ។ ទន្ទឹងនឹងនោះកីទ្បាករ ៣នាក់ផ្សេងទៀតដូចជា៖ Said Benrahma, Lucas Paqueta និង Jarrod Bowen ក៏មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសនេះផងដែរ។

សេចក្តីរាយការណ៍ពី The Mirror បានឱ្យដឹងថា ក្លិប Bayern Munich កំពុងចាប់ផ្តើមដេញថ្លៃ ដើម្បីនាំយក Declan Rice មកចូលរួមក្រុមនារដូវកាលក្ដៅខាងមុខនេះ ដោយប្រជែងជាមួយនឹងក្លិប Arsenal ដែលកំពុងតាមប្រមាញ់លើកីទ្បាករសញ្ជាតិអង់គ្លេសនេះក្នុងការនាំយកមកកីទ្បដ្ឋាន Emirates ផងដែរ។ គ្រូបង្វឹករបស់ក្លិប Bayern Munich លោក Thomas Tuchel ត្រូវបានគេជឿថាបានប្រាស័យទាក់ទងផ្ទាល់ជាមួយនឹងកីទ្បាករ Declan Rice រួចរាល់ហើយ ដើម្បីបង្ហាញពីឆន្ទៈរបស់ក្លិបក្នុងការចង់បានរូបគេមកលេងនៅក្របខណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់។ ក្លិបអាល្លឺម៉ង់មួយនេះហ៊ានចំណាយលុយរហូតដល់ ៩៥លានផោនឯណោះ សម្រាប់ខ្សែបម្រើកណ្តាលនេះ។ ហើយក្រុមផ្សេងៗនៅក្នុងក្របខណ្ឌ Premier League ដូចជា៖ Manchester United Chelsea និង Liverpool ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។
គួរបញ្ជាក់ថា ក្រុម West Ham United បានបញ្ចប់ចំណាត់ថ្នាក់លេខ ១៤ នៃក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេស នារដូវកាលនេះ។ ហើយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍នេះស្ថិតនៅក្រោមការដឹកនាំរបស់លោក David Moyes ជាគ្រូបង្វឹក កំពុងត្រៀមខ្លួនប្រកួតប្រជែងដណ្តើមពានរង្វាន់ Europa Conference League នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Fiorentina នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕


ប្រភព៖ sportsmole


