
បាល់ទាត់៖ ក្លឹបបាល់ទាត់ Bayern Munich បានកំណត់តម្លៃខ្លួនកីទ្បាករ Marcel Sabitzer ចន្លោះពី ២៥ទៅ៣០លានផោន ប្រសិនបើក្លឹប Manchester United មានបំណងចង់ទិញផ្តាច់កុងត្រា ក្រោយពីបញ្ចប់់កិច្ចសន្យាខ្ចីជើង...។

ទោះយ៉ាងណា សម្រាប់កីទ្បាករ Marcel Sabitzer ផ្ទាល់ ត្រូវបានគេនិយាយថា ចង់បន្តនៅកីទ្បដ្ឋាន Old Trafford រយៈពេលយូរផងដែរ ខណៈដែលកិច្ចសន្យាខ្ចីជើងរបស់គេនឹងអស់សុពលភាពនាចុងបញ្ចប់រដូវកាលនេះ ពោលគឺមានរយៈពេលត្រឹម៦ខែប៉ុណ្ណោះ ជាមួយក្លឹប Manchester United ចាប់តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មកម្ល៉េះ។ បន្ថែមលើនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថា៖ លោក Erik ten Hag ពេញចិត្តនឹងការលេងដ៏មានគុណភាពរបស់កីទ្បាករ Marcel Sabitzer ហើយចង់ឱ្យក្រុមប្រឹក្សាភិបាលទិញកីទ្បាករខាងលើនេះផងដែរ។ ប៉ុន្តែមានមតិជាច្រើនគិតថាតម្លៃ២៥លានផោន សម្រាប់កីទ្បាករវ័យជាង៣០ឆ្នាំនេះ គឺថ្លៃខ្លាំងពេក។

Marcel Sabitzer ជាកីទ្បាករដែលអាចលេងបានច្រើនតំបន់ ជាពិសេសតំបន់កណ្តាល ពីស្លាបស្តាំហើយជាជំនួយដល់ខ្សែបម្រើឯទៀត។ Sabitzer ក៏ជាកីទ្បាករសំខាន់ម្នាក់របស់ក្លឹប RB Leipzig មុនពេលផ្លាស់ទៅកាន់ក្លឹប Bayern Munich ដោយលេងជាកីទ្បាករបម្រុង។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតរបស់ក្លឹប Manchester United ត្រូវជួបជាមួយក្រុម Sevilla ក្នុងជើងទី១ នាវគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Europa League នាវេលាម៉ោង(កម្ពុជា) ២:០០ រំលងអាធា្រត្រឆ្លងចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕




