
(បាល់ទាត់)៖ ក្រុម Borussia Dortmund ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយយកឈ្នះលើក្រុម FC Augsburg នៅក្រៅដី (WWK Arena) ដោយបញ្ចប់លទ្ធផល ០-៣ កាលពីយប់មិញ។

ជ័យជម្នះមួយនេះ បានធ្វើឱ្យក្រុម Borussia Dortmund ក្រោមការដឹកនាំដោយលោក អ៊ីឌីន ទ័រហ្សីក Edin Terzić ដែលជាគ្រូបង្វឹក បាននាំមុខលើក្រុម Bayern Munich ចំនួន២ពិន្ទុ ក្រោយចាញ់ RB Leipzig ក្នុងដីខ្លួនឯង (Allianz Arena) ក្នុងលទ្ធផល ១-៣ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ Borussia Dortmund ខកខានក្នុងការគ្រងជើងឯកពានរង្វាន់ Bundesliga អស់រយៈពេល១១ឆ្នាំមកហើយពោលគឺចាប់ពីរដូវកាល២០១១-១២មកម្ល៉េះ។ ខណៈដែលក្រុម Bayern Munich ក៏បានឈ្នះពានរង្វាន់ខាងលើនេះចំនួន១០សម័យកាលជាប់ៗគ្នា ចាប់តាំងពីរដូវកាល២០១២-១៣ និងជាលើកទី៣២ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមផងដែរ។

ចំពោះការប្រកួតចុងក្រោយរបស់ក្របខណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់ ក្លិប Borussia Dortmund ត្រូវប៉ះគ្នាជាមួយនឹងក្រុម Mainz នៅក្នុងទឹកដីខ្លួន (Signal Iduna Park) ហើយក្លិប Bayern Munich ត្រូវប្រកួតតទល់នឹង FC Köln នៅក្រៅដី (Rhein Energie STADION) នាវេលាម៉ោង ២០:៣០ យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីសម្រេចថានរណាជាម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់នារដូវកាល ២០២២-២៣ នេះ៕




