
មនុស្សរហូតដល់ ៨២៨ លាននាក់ ឬស្មើនឹង ១០ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប បានចូលគេងដោយអត់ឃ្លានរៀងរាល់យប់ ពោលគឺ ៤៦ លាននាក់ច្រើនជាងឆ្នាំមុន ខណៈកម្រិតនៃភាពអត់ឃ្លានកំពុងកើនឡើងនៅជុំវិញពិភពលោក។ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹង។

ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ដោយភាពអត់ឃ្លាន ក្នុងនោះ ពីរភាគបីជាស្ត្រី ហើយ ៨០ ភាគរយរស់នៅក្នុងតំបន់ដែលងាយនឹងមានការប្រែប្រួលអាកាសធាតុ។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្រិតនៃភាពអត់ឃ្លានជាសកល អង្គការ The Hunger Project ដែលជាអង្គការមិនរកប្រាក់ចំណេញ បានកំណត់យកថ្ងៃទី ២៨ ខែឧសភា ជាទិវានៃភាពអត់ឃ្លានពិភពលោក។ ភាពអត់ឃ្លានគឺជាស្ថានភាពដ៏អាក្រក់មួយដែលកើតឡើងនៅពេលដែលរាងកាយត្រូវបានបង្អត់អាហារសម្រាប់រយៈពេលដ៏យូរមួយ។ រយៈពេលនៃការស្រេកឃ្លានយូរអាចនាំឱ្យមានបញ្ហាសុខភាព និងអាចបណ្តាលឱ្យប៉ះពាល់ដល់រាងកាយ ជាពិសេសកុមារ។

បន្ទាប់ពីការថយចុះជាប់គ្នាមួយទសវត្សរ៍ ភាពអត់ឃ្លានជាសាកលបានបង្ហាញពីនិន្នាការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ចំនួនបុគ្គលដែលមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់កើនឡើងជាង ១៥០ លាននាក់ ដែលបណ្តាលមកពីជម្លោះ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតកូវីដ-១៩។ នៅចន្លោះឆ្នាំ ២០១៩ និង២០២២ សន្ទស្សន៍តម្លៃអាហារ (FPI) របស់ FAO ដែលកំណត់ការផ្លាស់ប្ដូរតម្លៃសកលនៃផលិតផលម្ហូបអាហាររួមមានស្ករ សាច់ ធញ្ញជាតិ ទឹកដោះគោ និងប្រេងបន្លែបានកើនឡើងពី ៩៥,១ ដល់ ១៤៣,៧ ពិន្ទុ ខណៈតម្លៃអាហារក៏កើនឡើងដែរ។
លោកស្រី ម៉ូនីកា តូថូវ៉ា (Monika Tothova) សេដ្ឋវិទូនៃផ្នែកពាណិជ្ជកម្ម និងទីផ្សាររបស់ FAO លើកឡើងថា ៖«ទោះបីជាតម្លៃទំនិញម្ហូបអាហារសកលបានកើនឡើងក៏ដោយ ប៉ុន្តែការកើនឡើងនៅកម្រិតប្រទេសមានភាពខុសគ្នា ដោយសារប្រទេសនានាប្រើប្រាស់គោលនយោបាយផ្សេងៗគ្នា»។ ជាឧទាហរណ៍ ប្រទេសជាច្រើនប្រើប្រាស់ការឧបត្ថម្ភធនរបស់អ្នកប្រើប្រាស់សម្រាប់ផលិតផលដែលបានជ្រើសរើស កែប្រែតម្លៃសម្រាប់អ្នកប្រើប្រាស់ និងការពារពួកគេពីការប្រែប្រួលតម្លៃនៅលើទីផ្សារពិភពលោក ដោយចំណាយថវិកាជាតិ។

របាយការណ៍ចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងពិភពលោក (SOFI) បានរកឃើញថា ភាគច្រើននៃប្រជាជនដែលមិនមានអាហារូបត្ថម្ភរបស់ពិភពលោករស់នៅក្នុងទ្វីបអាស៊ី ដែលមានមនុស្សប្រហែល ៤២៥ លាននាក់បានរស់ក្នុងភាពស្រេកឃ្លាននៅឆ្នាំ ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ អត្រាប្រេវ៉ាឡង់នៃភាពអត់ឃ្លានគឺខ្ពស់បំផុតនៅទ្វីបអាហ្រ្វិក ដែលមានមនុស្ស ២៧៨ លាននាក់រងផលប៉ះពាល់នៅឆ្នាំនោះ។
លោកស្រី តូថូវ៉ា បានអះអាងថា ៖«វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរលើសពីវិបត្តិជម្លោះ ជាកត្តាជំរុញចម្បងនៃអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភនៅក្នុងវិបត្តិអាហារសំខាន់ៗមួយចំនួន។ វិបត្តិសេដ្ឋកិច្ចសកលរួមទាំងការឡើងថ្លៃម្ហូបអាហារ និងការរំខានយ៉ាងខ្លាំងដល់ទីផ្សារ ធ្វើឱ្យប៉ះពាល់ដល់ភាពធន់ និងសមត្ថភាពរបស់ប្រទេសក្នុងការឆ្លើយតបនឹងវិបត្តិអាហារ»។
សូមរំឭកសាជាថ្មីថា នៅឆ្នាំ ២០២២ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលប្រទេសទាំង ២ សុទ្ធសឹងតែជាប្រទេសផលិតគ្រាប់ធញ្ញជាតិ និងជីដ៏ធំបំផុតរបស់ពិភពលោក បាននាំឱ្យមានការរំខានយ៉ាងខ្លាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលជំរុញឱ្យតម្លៃគ្រាប់ធញ្ញជាតិ ជី និងថាមពលកើនឡើង។ បញ្ហានេះបាននាំឱ្យ FPI សកលឈានដល់កម្រិតខ្ពស់បំផុតនៅលើកំណត់ត្រាក្នុងឆ្នាំ២០២២ ។ ការព្យាករណ៍សម្រាប់ទស្សនវិស័យនាពេលអនាគតនៃភាពអត់ឃ្លានជាសាកល បង្ហាញថា ភាពអត់ឃ្លាននឹងបន្តកើតមាន ដោយមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីបញ្ហាអាកាសធាតុដែលកំពុងកើនឡើងខ្លាំង៕





