
សិល្បៈ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពដែលតែងតែមានវត្តមានស្ទើរតែគ្រប់រឿងបុរាណខ្មែរ លោក អ៊ុន សិទ្ធា បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុំបើកច្រកព្រំដែនព្រះវិហាវិញតាមការស្នើសុំរបស់ភាគីថៃឡើយ។ ហើយក្នុងនាមលោកជាកូនខ្មែរមួយរូប លោកមិនគាំទ្រឱ្យមានការបើកច្រកនេះឡើងវិញនោះទេ។

លោក អ៊ុន សិទ្ធា តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងយ៉ាងដូច្នេះថា៖ « កូនសូមគោរពជម្រាបសួរ សម្តេចពុក ជាទីគោរព ថ្ងៃនេះកូនសូមចូលរួមជាមតិយោបល់ដែលពាក់ព័ន្ធទៅហ្នឹងប្រទេសថៃ ដែលស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនព្រះវិហារ។ ក្នុងនាមកូនជាប្រជាពលរដ្ឋខ្មែរមួយរូប កូនសូមមិនគាំទ្រឱ្យបើកច្រកព្រំដែនព្រះវិហារទេ»។
ទន្ទឹមនឹងនោះលោកបានបន្តថា៖«បើកឱ្យថៃក៏មិនចំណេញដល់ខ្មែរដែរ ខ្មែរគឺមានតែខាតប្រយោជន៍។ ប្រជាជនខ្មែរនៅតំបន់នោះអាចរស់ស៊ាំទៅហើយតាំងពីបិទក្នុងឆ្នាំ២០០៨ មកម្ល៉េះ។ សេចក្ដីគួរពុំគួរ សូមសម្ដេចពុក មេត្តាដល់កូនផង វីរបុរសរបស់ខ្ញុំ»។

សូមជម្រាបថា ការចេញមកស្នើសុំបែបនេះធ្វើឡើងបន្ទាប់ពីពេលថ្មីៗ សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា មន្ត្រីខេត្តស៊ីសាកេត (Sisaket) ចង់ស្នើឱ្យកម្ពុជាបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត បន្ទាប់ពីការផ្អាកអស់រយៈពេល១៥ឆ្នាំ ដោយសារជម្លោះព្រំដែនក្នុងតំបន់លើទឹកដីដែលប្រទេសទាំង២ទាមទារ។ តែយ៉ាងណា ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕






