
(បាល់ទាត់)៖ ក្រុម Aston Villa ទទួលបានឱកាសលេងពានរង្វាន់លំដាប់ទី៣ របស់ទ្វីបអឺរ៉ុប UEFA Europa Conference League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ខណៈក្រុមនេះមានឱកាសលេងពានរង្វាន់អឺរ៉ុបសាជាថ្មី បន្ទាប់ពីខកខានអស់រយៈពេល ១៣ឆ្នាំ។ ការទទួលបានឱកាសលេងពានរង្វាន់ខាងលើនេះ បន្ទាប់ពីក្រុម Aston Villa បានយកឈ្នះលើក្រុម Brighton ក្នុងការប្រកួតចុងក្រោយ នៃលីគកំពូលអង់គ្លេស English Premier League នៅឯកីទ្បដ្ឋាន Villa Park ដោយបញ្ចប់លទ្ធផល ២-១ កាលពីយប់មិញ។

លទ្ធផលបែបនេះបានធ្វើឱ្យក្រុម Aston Villa ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Unai Emery ទទួលបានចំណាត់ថ្នាក់លេខ ៧ នៃតារាងក្របខណ្ឌ English Premier League នារដូវកាលនេះ ហើយក៏ទទួលបានឱកាសលេង Play-off សម្រាប់ UEFA Europa Conference League ដែលជាពានរង្វាន់ក្នុងក្របខណ្ឌតំបន់អឺរ៉ុបលំដាប់ទី៣ បន្ទាប់ពី Europa League និង Champions League ។
ក្រុម Aston Villa បានខកខានក្នុងការប្រកួតប្រជែងពានរង្វាន់តំបន់អឺរ៉ុបអស់រយៈពេល ១៣ឆ្នាំហើយ ពោលគឺធ្លាប់លេងពានរង្វាន់អឺរ៉ុបចុងក្រោយក្នុងឆ្នាំ ២០១០ ប៉ុន្តែគ្រានោះបានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Rapid Vienna របស់ប្រទេសអូទ្រីស ក្នុងវគ្គ Play-off នៃពាន Europa League។ ក្រុម Aston Villa ក៏ធ្លាប់មានប្រវត្តិឈ្នះជើងឯក UEFA Champions League ក្នុងឆ្នាំ ១៩៨២ ផងដែរ ប៉ុន្តែកាលនោះពានរង្វាន់នេះត្រូវបានគេឱ្យឈ្មោះថា European Cup..៕



ប្រភព៖ BBC


