
(បាល់ទាត់)៖ បន្ទាប់ពីជួយឱ្យក្លឹប Real Betis គ្រងជើងឯកពានរង្វាន់លំដាប់ទី២របស់ប្រទេសអេស្ប៉ាញ Copa Del Rey កាលពីរដូវកាលមុន ឥឡូវនេះកីទ្បាករ Alex Moreno បានផ្ទេរមកកាន់ក្លឹប Aston Villa នៅក្នុងតម្លៃខ្លួនប្រមាណជាង១៣លានអឺរ៉ូ ខណៈខ្សែការពារវ័យ២៩ឆ្នាំរូបនេះ បានក្លាយជាកីឡាករដំបូងគេរបស់អ្នកចាត់ការទូទៅថ្មី លោក Unai Emery ដែលបានផ្ទេរចេញ...។

កីទ្បាករ Alex Moreno បានផ្លាស់មកកាន់ក្លឹប Real Betis កាលពីខែសីហា ឆ្នាំ២០១៩ ដោយបានបង្ហាញខ្លួនចំនួន១២២ប្រកួត និងជួយឱ្យក្លឹបអេស្ប៉ាញមួយនេះ គ្រងជើងឯកពានរង្វាន់លំដាប់ទី២របស់ប្រទេសអេស្ប៉ាញ Copa Del Rey កាលពីរដូវកាលមុន។ មែនទែនទៅលោក Unai Emery ចង់ពង្រឹងប្រព័ន្ធតំបន់ការពាររបស់ខ្លួន ខណៈកីទ្បាករ Moreno នឹងផ្តល់នូវជម្រើសបន្ថែមទៀតនៅក្នុងតំបន់ការពារកណ្តាលខាងឆ្វេង បន្ទាប់ពីកីឡាករ Lucas Digne ដែលនាំមកពីក្លឹប Everton ដោយអតីតអ្នកចាត់ការទូទៅ Steven Gerrard ទិញចូលនៅក្នុងតម្លៃខ្លួនប្រមាណជាង២៥លានផោនកាលពី១២ខែមុន។

យ៉ាងណា ក្រោយពីនាំយក Alex Moreno មកកាន់កីទ្បដ្ឋាន Villa Park អ្នកចាត់ការទូទៅ លោក Unai Emery បាននិយាយថា៖ «Alex គឺជាកីឡាករដ៏ល្អ ដែលអាចជួយក្រុមរបស់យើង គេគឺជាខ្សែការពារឆ្វេងកំពូលម្នាក់នៅ La Liga ក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមក ហើយយើងរីករាយណាស់ ដែលមានវត្តមានរបស់គេនៅទីនេះ..»។
គួរបញ្ជក់ថា បច្ចុប្បន្នក្លឹប Aston Villa ក្រោមកាដឹកនាំរបស់លោក Unai Emery កំពុងស្ថិតនៅលេខរៀងទី១១ នៃតារាងពិន្ទុក្របខណ្ឌ English Premier League ខណៈក្លឹបមួយនេះ ទើបតែធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីចុងសប្តាហ៍មុន ក្រោយចាញ់ក្លឹប Stevenage ដែលស្ថិតនៅលីគទី២របស់អង់គ្លេស ក្នុងលទ្ធផល ២-១..៕


ប្រភព៖ BBC


