
(បាល់ទាត់)៖ អតីតគ្រូបង្វឹកក្លឹបបាល់ទាត់ Sevilla FC , Paris Saint-Germain, Arsenal និងក្លឹប Villarreal CF លោក Unai Emery បានក្លាយជាគ្រូបង្វឹកក្លឹប Aston Villa ផ្លូវការហើយ បន្ទាប់ពីក្លឹបអង់គ្លេសមួយនេះ បណ្តេញ លោក Steven Gerrard ចេញពីតំណែង កាលពីពេលថ្មីៗនេះ...។

លោក Unai Emery នឹងចូលមកកាន់តំណែងជាគ្រូបង្វឹកនៅកីទ្បដ្ឋាន Villa Park នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ក្លឹប Aston Villa បានយល់ព្រមលើលក្ខខណ្ឌទាំងអស់ជាមួយនឹងលោក Unai Emery ដោយក្លឹបបានចំណាយទឹកប្រាក់ប្រមាណ៥,៣លានផោន ដើម្បីបញ្ចប់កិច្ចសន្យាពីក្លឹប Villarreal CF ដើម្បីនាំយកមកដឹកនាំក្រុម Aston Villa ខណៈកិច្ចសន្យាលោក Unai Emery ជាមួយ Villarreal CF នៅសល់មួយរដូវកាលទៀត។

លោក Unai Emery ធ្លាប់ជួយឱ្យក្លឹប Sevilla FC ឈ្នះពានរង្វាន់ Europa League ចំនួន៣ ដងជាប់ៗគ្នា ពោលគឺចន្លោះពីឆ្នាំ២០១៣ ដល់២០១៦ មុនបន្តផ្លាស់ទៅកាន់ក្លឹបអ្នកមានបារាំង Paris St-Germain ទទួលបានជើងឯក Ligue 1 នៅប្រទេសបារាំង ព្រមទាំង French Cup, League Cups និង Trophees des Champions ចំនួន២ដងផងដែរ។

ទន្ទឹមនឹងនោះ គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ ក៏ធ្លាប់ដឹកនាំក្លឹបកាំភ្លើងធំ Arsenal បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League កាលពីឆ្នាំ ២០១៩-២០២០ មុនផ្លាស់ទៅកាន់ Villarreal វិញ និងជួយឱ្យក្លឹបអេស្ប៉ាញនេះ ទទួលបានជើងឯក Europa League ក្នុងរដូវកាល ២០២០-២០២១ ដោយបានយកឈ្នះក្រុមបិសាចក្រហម Manchester United នៅវគ្គផ្តាច់ព្រ័ត្រផងដែរ៕



