
(បាល់ទាត់)៖ អ្នកចាត់ទូទៅក្រុម Aston Villa លោក Unai Emery បានលើកទ្បើងមុនបើកទ្វារកីទ្បដ្ឋាន Villa Park ទទួលស្វាគមន៍ក្រុមបិសាចក្រហម Manchester United នាថ្ងៃអាទិត្យទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថាលោកចង់ឈ្នះពានរង្វាន់ណាមួយជាមួយក្រុម Aston Villa ដែលជាទ្រនំថ្មីរបស់លោកនេះ...។

លោក Unai Emery បានមកដឹកនាំក្រុមបាល់ទាត់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ជាលើកទី២ បន្ទាប់ពីលោក ធ្លាប់ដឹកនាំក្រុមកាំភ្លើងធំ Arsenal ចន្លោះពីខែឧសភា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ជាលើកដំបូងនោះ..។ មុនជំនួបជាមួយក្រុម Manchester United លោក Unai Emery បានលើកទ្បើងថា៖ «ក្ដីបំណងរបស់[ខ្ញុំ]ជាមួយនឹងក្រុមទ្រនំថ្មី Aston Villa គឺខ្ញុំចង់ឈ្នះពានរង្វាន់នៅទីនេះ..! ខ្ញុំចង់ឱ្យក្រុម Aston Villa នឹងមានការប្រកួតប្រជែងនៅក្នុងតំបន់អឺរ៉ុបដូចជា៖ UEFA Champions League និង Europa League ជាដើម»។

សូមរំឭកថា លោក Emery ធ្លាប់បានដឹកនាំក្រុមកាំភ្លើងធំ Arsenal ឈានឡើងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីឆ្នាំ២០១៩ ប៉ុន្តែពួកគេ (Arsenal) បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ៤-1 និងខកខានទ្បើងមកក្របខណ្ឌ UEFA Champions League ទៀតផង បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌ English Premier League។ ជាមួយគ្នានោះ លោក Emery ត្រូវបានក្រុមកាំភ្លើងធំ Arsenal បញ្ចប់តួនាទីជាអ្នកចាត់ការទូទៅ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីកាន់តំណែងនេះ ត្រឹមតែ១៨ខែប៉ុណ្ណោះ ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ។ ទោះយ៉ាងណា លោក Unai Emery ត្រូវបានគេមើលឃើញថា លោកគឺជាអ្នកចាត់ការទូទៅម្នាក់ ដែលទទួលបានភាពជោគជ័យខ្លាំង នាអំឡុងការប្រកួតប្រជែងពានរង្វាន់នៅតំបន់អឺរ៉ុប ដែលដឹកនាំឱ្យក្រុម Sevilla FC ឈ្នះជើងឯក Europa League ៣សម័យកាលជាប់ៗគ្នា ចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ផងដែរ...៕


