រឿងគួរឱ្យអស់សំណើច..! កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយ ប្រាសាទព្រះវិហារស្ថិតក្នុងខេត្តស៊ីសាកេត ខណៈមន្ត្រីខេត្តនេះសុំអង្វរកម្ពុជាបើកច្រកព្រំដែនឡើងវិញ
អាន ប៊ុនរ័ត្ននៈ
26 ឧសភា 2023 02:21 PM

រាជធានីភ្នំពេញ៖ ថ្មីៗនេះ សារព័ត៌មានដ៏ល្បីរបស់ថៃ បាងកកប៉ុស្តិ៍ បានចុះផ្សាយថា ប្រាសាទព្រះវិហាររបស់កម្ពុជា ស្ថិតក្នុងទឹកដីខេត្តស៊ីសាកេតរបស់ថៃ ដោយសម្អាងលើស្តូប​ភ្លោះ​ក្នុង​ឧទ្យានជាតិភ្នំព្រះវិហារ Khao Phra Wihan ដែលភាគីថៃបង្កើតឡើងនៅខេត្ត​ស៊ីសាកេត និងថាសំណង់ថ្មភក់ស្តូប​ភ្លោះ និងប្រាសាទព្រះវិហារបានសាងសង់ក្នុងសម័យកាលដូចគ្នា។ យ៉ាងណា ទាំងនេះជារឿងគួរឱ្យអស់សំណើចពីមហាជនខ្មែរទូទាំងប្រទេស និងបានដាក់ជាសំណួរថា បើប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីថៃ ចុះចាំបាច់អីមន្ត្រីជាន់ខ្ពស់ថៃនៅខេត្តអ៊ូប៊ុនរ៉ាត់ថានី ស្នើសុំកម្ពុជាបើកច្រកទ្វារព្រំដែនដែលស្ថិតនៅជាប់នឹងជើងប្រាសាទព្រះវិហារជាមួយខេត្តស៊ីសាកេតទៅវិញ...?

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ឧសភា កន្លងទៅថា មន្ត្រីខេត្តអ៊ូប៊ុនរ៉ាត់ថានី ចង់ស្នើឱ្យកម្ពុជាបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ គឺខេត្តស៊ីសាកេត បន្ទាប់ពីបានផ្អាកអស់រយៈពេល១ទសវត្សរ៍កន្លះ ពោលគឺក្រោយពីប្រទេសថៃបញ្ជូនកងទ័ពមកឈ្លានពានទឹកដីកម្ពុជា​ចំនួន៣លើក នៅ​ថ្ងៃ​ទី​៧​ ខែកក្កដា ​ឆ្នាំ​២០០៨​ ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​​អាប់ភីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva)។ យ៉ាងណា ក្រោយទទួលរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរយោធាកម្ពុជា ធ្វើការវាយបណ្តេញឱ្យចូលទៅក្នុងទឹកដីខ្លួនវិញ រួមទាំងសម្ពាធអន្តរជាតិ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យប្តឹងទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១១​ ដើម្បីឱ្យបកស្រាយសាល​ក្រម​ឆ្នាំ​១៩៦២ ដែលកម្ពុជាបានឈ្នះក្តី ភាគីថៃក៏បានដកថយតាមសេចក្តីប្រកាសជាអន្តរជាតិនោះ។

ស្តូប​ភ្លោះ​ក្នុង​ឧទ្យានជាតិភ្នំព្រះវិហារ Khao Phra Wihan
ស្តូប​ភ្លោះ​ក្នុង​ឧទ្យានជាតិភ្នំព្រះវិហារ Khao Phra Wihan

យ៉ាងណា សារព័ត៌មានដដែលនេះ បានចុះផ្សាយថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសា ចំពោះការបើកឡើងវិញនូវច្រកធ្វើដំណើរទៅប្រាសាទព្រះវិហារពីខាងទឹកដីថៃ ដែលស្ថិតនៅខេត្តស៊ីសាកេត ជាប់នឹងខេត្តព្រះវិហាររបស់កម្ពុជា  ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ ទោះជាយ៉ាងណា សំណើនេះត្រូវបានប្រជាជនកម្ពុជានៅទូទាំងប្រទេស ប្រកាសបដិសេធ មុនការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ ពលរដ្ឋខ្មែរបានលើកឡើងនូវសុភាសិតមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលចាស់ៗតែងសូត្រប្រាប់ក្មេងៗឃ្វាលគោនៅឯស្រែថា "ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ" គឺហាក់ដូចជាត្រូវនឹងឥរិយាបទរបស់ថ្នាក់ដឹកនាំថៃនាពេលបច្ចុប្បន្ន ព្រោះថា ដំបូងឡើយ គេបានបញ្ជូនកងទ័ពមកឈ្លានពានកម្ពុជា លុះការឈ្លានដោយប្រើកងទ័ពមិនឈ្នះ និងស្អុយឈ្មោះលើឆាកអន្តរជាតិទៀត ពេលនេះ គេបានប្រើឧបាយកលថ្មី ដោយការចែចូវតាមរយៈការពង្រីកវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ទាំងដែលថៃខ្លួនឯងដឹងយ៉ាងច្បាស់ថា ការស្នើសុំនេះគឺគេបានគេងចំណេញលើកម្ពុជាដោយឥតអៀនខ្មាស។

បន្ថែមលើនេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តព្រះវិហារថា ទាហានថៃ​រាប់​ពាន់​នាក់​ បានដាក់ពង្រាយតាមខ្សែបន្ទាត់ព្រំដែន ដែលរួមមាន៖ ខេត្ត​ស៊ីសាកេត អ៊ូប៊ុនរ៉ាត់ថានី និង​ខេត្តសុរិន្ទ្រ។ ទន្ទឹមនឹងនោះ ទាហានឈុតខ្មៅថៃ បានដើរល្បាត និងដាក់ពង្រាយរៀងរាល់១០ ទៅ១៥ម៉ែត្រ ខណៈកាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​ទាមទារ​ឱ្យ​ភាគី​ទាំង​ពីរ​(កម្ពុជា-ថៃ) ដក​កង​ប្រដាប់​អាវុធ​ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ខាង​ភាគី​កម្ពុជា ប៉ុន្តែភាគីថៃអនុវត្តតាមសេចក្តីសម្រេចនោះមិនបានពេញលេញឡើយ និងតែងចិត្តចង់បានប្រាសាទបុរាណដូនតាខ្មែរមួយនេះធ្វើជារបស់ខ្លួនជានិច្ច។ យ៉ាងណា ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដារួចទៅហើយ ដូច្នេះបើថៃហ៊ានបំពានឈ្លានពានម្ដងទៀត ច្បាស់ជាអន្តរជាតិមិនឈរឱ្យដៃមើលឡើយ....​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត