កញ្ញា ស៊ីន យូប៊ីន ទោះមានបញ្ហាជើង ក៏ពុះពារតំណាងកម្ពុជា ដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តនៅប្រទេសបារាំង
អុន សម្ផស្ស
19 ឧសភា 2023 10:00 AM

សិល្បៈ៖ អ្នកគាំទ្រជាច្រើនបានពោលសរសើរ និងមានមោទនភាពជាខ្លាំងចំពោះភាពតស៊ូព្យាយាមរបស់តារាស្រីកម្ពុជា កញ្ញា ស៊ីន យូប៊ីន ដែលតែងតែនាំយកនៅភាពជាខ្មែរ ទៅបង្ហាញដល់ពិភពលោកឱ្យបានដឹង បានស្គាល់កម្ពុជាយើងបន្ថែមទៀត។ ពោលគឺតារាស្រីរាងតូចច្រលឹងរូបនេះ បានបង្ហាញខ្លួនអមជាមួយឈើច្រត់យ៉ាងជឿជាក់ ជាមួយតារាល្បីៗកម្រិតអន្តរជាតិជាច្រើនរូបទៀត មកពីប្រទេសផ្សេងគ្នា។

តាមរយៈរូបភាពតារាស្រីឆ្នើមរបស់កម្ពុជារូបនេះ បានចូលរួមជាភ្ញៀវ ក្នុងកម្មវិធីសម្ពោធ រឿង «Monster»នៃមហោស្រពភាពយន្ត Cannes លើកទី៧៦ ដែលប្រារព្ធឡើងនៅ Palais des Festivals កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្នុងទីក្រុង Cannes ប្រទេសបារាំង។ ការបង្ហាញខ្លួនលើកម្រាលព្រំពណ៌ក្រហមក្នុងមហោស្រពភាពយន្តរបស់ យូប៊ីន បានបង្ហាញពីភាពព្យាយាមក្នុងការងាររបស់តារាស្រីរូបនេះ ដ្បិតថាការបង្ហាញខ្លួនរបស់នាងមើលទៅពិបាកបន្តិចមែន ព្រោះត្រូវប្រើឈើច្រត់ជាជំនួយ និងមានអ្នកចាំជួយលើក រ៉ូបឱ្យ ប៉ុន្តែយ៉ាងណា យូប៊ីន នៅតែទទួលបាននៅភាពលេចធ្លោជាខ្លាំងតាមរយៈការ ស្លៀកពាក់អមជាមួយការតុបតែងគ្រឿងអលង្ការ ធ្វើឱ្យរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ។ ក្រោមក្រសែភ្នែកភ្ញៀវអន្តរជាតិជាច្រើនរយនាក់ នាងទទួលបាន ការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយព្រោងព្រាតនៃសកម្មភាពដែលនាងបានដើរលើកម្រាលព្រំពណ៌ក្រហម អមជាមួយឈើច្រត់។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលតារាសម្តែងស្រីឆ្នើមរូបនេះបានទទួលការអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីធំៗតំណាងប្រទេសបែបនេះ។ គេនៅចាំបានថា កាលពីពេលកន្លងទៅនាងក៏ធ្លាប់បានទទួលការអញ្ជើញដោយត្រង់ពីប៊្រេនល្បីៗចំនួន២ គឺ ChristianDior និង CeliaKritharioti ដែលរៀបចំឡើងនៅក្នុងប្រទេសបារាំង ព្រមទាំងកម្មវិធីធំៗជាច្រើនទៀតផងដែរ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត