
ខេត្តបាត់ដំបង៖ ក្រុមក្មេងស្ទាវចំនួន៣នាក់ ដែលបានបង្ហោះម៉ូតូបង្កការរិះគន់ពីមហាជននៅតាមបណ្តាញសង្គម ពេលនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការនាំខ្លួនទៅធ្វើកំណត់ហេតុ កាលពីរសៀលថ្ងៃទី១៨ឧសភា ឆ្នាំ២០២៣...។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោកបានឃើញព័ត៌មាន ក៏ដូចជាវីដេអូសកម្មភាពយុវជនទំនើងទាំង៣នាក់ខាងលើ បង្ហោះម៉ូតូបណ្តើរ និយាយទូរសព្ទបណ្តើរ ដោយមិនញញើតច្បាប់នោះ ភ្លាមៗ[..]លោកបានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក សហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវរកក្រុមក្មេងទំនើងទាំងនោះ រហូតឈានដល់ការនាំខ្លួនមកធ្វើការសាកសួរ។ លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងបន្ថែមថា ក្រុមក្មេងបង្ហោះម៉ូតូទាំង០៣នាក់នេះ មានទីលំនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយក្រោយពីធ្វើការសាកសួររួច ក្រុមក្មេងទំនើងទាំងនោះបានទទួលកំហុសចំពោះសកម្មភាពដែលបានប្រព្រឹត្តធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ហើយពួគេក៏បានប្តេជ្ញាថា ឈប់ធ្វើនូវសកម្មភាពបែបនេះបន្តទៀត និងសូមយុវជនគ្រប់រូបកុំយកគំរូតាមសកម្មភាពមិនល្អរបស់ពួកគេអី។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កឱ្យមានការរិះគន់ពីមហាជនជាខ្លាំង។ ដោយមហាជនជាច្រើនចូលទៅបញ្ចេញមតិ ក៏ដូចជាចែករំឡែកវីដេអូសកម្មភាពក្រុមក្មេងទំនើងយ៉ាងផុលផុស និងបានស្នើសុំឱ្យកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមចាប់ក្មេងទំនើងទាំងនោះ យកមកអប់រំណែនាំ ខណៈពួកគេបង្ហោះម៉ូតូលើដងផ្លូវអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ



