
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការថា នឹងមានការបោះពុម្ពបណ្ណថ្មីសម្រាប់ប្រើប្រាស់ក្នុងការចូលទស្សនាពិធីបិទផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលខាងមុខនេះ ដោយជំនួសបណ្ណចាស់ដែលធ្លាប់បានប្រើប្រាស់ចូលក្នុងពិធីបើកជាផ្លូវការណ៍ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ..។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន CAMSOC បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣យ៉ាងដូច្នេះថា៖ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ពសាជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាស់ស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃ» ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការជាតិ CAMSOC ក៏បានសុំការយោគយល់ចំពោះប្រជាពលរដ្ឋដែលពុំបានចូលទស្សនាផ្ទាល់ ដោយចំនួនកៅអីមានកំណត់មិនអាចឆ្លើយតបនឹងការចង់ចូលទស្សនាផ្ទាល់រ៉ាប់ម៉ឺននាក់ឡើយ។

គួររំឭកដែរថា សម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការកោតស្ញប់ស្ញែងជាខ្លាំងចំពោះការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ៕





