
(គុនខ្មែរ)៖ កីឡាករ ឡុង សុភី ដែលបានបាត់មុខមួយរយៈ ពេលនេះមកវិញនៅតែខ្លាំង ដោយបានយកឈ្នះអ្នកប្រដាល់ឡាវ ស៊ីធឿន ដោយពិន្ទុ ខណៈកីឡាករ សូត្រ វាសនា យកឈ្នះដៃគូរបស់ខ្លួន ភេត ចំប៉ា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៃសង្វៀនចល័តគ្រុឌគុនខ្មែរ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នាទីរួមខេត្តកំពត...។

ទោះបីបាត់មុខរយៈធំក៏ពិតមែន ប៉ុន្តែអ្នកប្រដាល់ដែលមានរហ័សនាម អ្នកលេងជង្គង់ពិឃាត ឡុង សុភី នៅតែធ្វើបានល្អដដែល ធ្វើឱ្យអ្នកទស្សនាផ្ទាល់ សម្តែងការសប្បាយចិត្តពេលឃើញអ្នកប្រដាល់រូបនេះ នៅតែអាចរក្សាស្នៀតប្រយុទ្ធដ៏ល្អនេះ ប៉ុន្តែស្ដាយដែលមិនអាចធ្វើឱ្យដៃគូឱ្យសន្លប់បាន។ កីឡាករ ឡុង សុភី បាននិយាយក្រោយការប្រកួតថា៖ «លទ្ធផលប្រកួតប៉ុណ្ណឹងបានហើយ ពីព្រោះកីឡាកររបស់គេ ហាក់ដឹងពីចំណុចល្អរបស់យើង ព្រោះនៅពេលយើងប្រុងប្រើកែង គេបិទយើងជាប់មិនឱ្យចេញបាន ចឹងយើងមានតែវ៉ាយតាមសម្រួល»។ យ៉ាងណាកីឡាករ ឡុង សុភី អះអាងថា កីឡាករឡាវនេះ មិនល្អនោះទេ ពោលគឺបានតែដៃមួយច្រកប៉ុណ្ណោះ គឺគ្មានអ្វីល្អនោះទេ។

ដោយឡែក សម្រាប់ការប្រកួតរវាង កីឡាករ សូត្រ វាសនា និងភេត ចំប៉ា វិញ អ្នកទាំងពីរសុទ្ធសឹងតែស្រេកឃ្លានជ័យជម្នះរៀងៗខ្លួន ពោលគឺក្រោយស្នូរជួងបន្លឺឡើង អ្នកទាំងពីរបើការប្រយុទ្ធគ្នាគ្មានសំចៃកម្លាំងនោះទេ អ្នកទាំងពីរមិនបានស្ទាប់ស្ទងអីច្រើនឡើយ គឺវាយយកៗតែម្ដង។ បើនិយាយពីស្នៀតប្រយុទ្ធរបស់អ្នកទាំងពីរ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ សូត្រ វាសនា អំណោយផលជាង គឺកម្ពស់។ ចាប់តាំងពីទឹកទី១ ដល់ចប់ទឹក៥ អ្នកទាំងពីរសម្រុកគ្នាទៅវិញទៅមក ហើយលទ្ធផលចុងក្រោយសូត្រ វាសនា យកឈ្នះភេត ចំប៉ា ដោយពិន្ទុ...៕


