
ចិនកំពុងរារាំងប្រជាជនមិនឱ្យចាកចេញពីប្រទេសនេះកាន់តែខ្លាំងឡើង រួមទាំងនាយកប្រតិបត្តិបរទេស ដែលជាសារដ៏ក្ដៅគគុកមួយ ខណៈដែលអាជ្ញាធរបានអះអាងថា ប្រទេសនេះបើកចំហសម្រាប់អាជីវកម្ម បន្ទាប់ពីរយៈពេលបីឆ្នាំនៃការរឹតត្បិតជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្ស Safeguard Defenders បានឱ្យដឹងថា ចំនួននៃជនជាតិចិន និងជនបរទេសយ៉ាងច្រើនត្រូវបានជាប់គាំងដោយការហាមឃាត់ការចាកចេញពីប្រទេស ខណៈពេលដែលការវិភាគរបស់សារព័ត៌មានរ៉យទ័រ បានរកឃើញការកើនឡើងជាក់ស្តែងនៃសំណុំរឿងតុលាការពាក់ព័ន្ធនឹងការហាមឃាត់បែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វិធានការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មបរទេស ដែលចង់មកធ្វើអាជីវកម្មនៅប្រទេសចិន។ របាយការណ៍របស់ Safeguard Defenders បានសរសេរថា៖ «ចាប់តាំងពីលោក ស៊ី ជីនពីង (Xi Jinping) បានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ប្រទេសចិនបានពង្រីកទិដ្ឋភាពផ្លូវច្បាប់សម្រាប់ការហាមឃាត់ការចាកចេញ ហើយបានប្រើប្រើប្រាស់ច្បាប់នេះកាន់តែខ្លាំងឡើង ជួនកាលនៅខាងក្រៅយុត្តិកម្មផ្លូវច្បាប់» ។ លោក Laura Harth ដែលជាប្រធានយុទ្ធនាការរបស់អង្គការសិទ្ធិមនុស្សនេះ បានលើកឡើងថា៖ «នៅចន្លោះឆ្នាំ២០១៨ ខែកក្កដាឆ្នាំនេះ ច្បាប់ថ្មី ឬវិសោធនកម្មច្បាប់របស់ចិន បានគាំទ្រដល់ការហាមប្រាម ការចាកចេញពីប្រទេស។ សរុបមកថ្ងៃនេះមាន១៥ច្បាប់ ដែលពាក់ព័ន្ធនឹងការហាមឃាត់»។

ក្រុមសិទ្ធិមនុស្សដដែលបានប៉ាន់ប្រមាណថា ជនជាតិចិនរាប់ម៉ឺននាក់ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសនៅពេលណាមួយ។ ឯកសារសិក្សាឆ្នាំ២០២២ ដោយលោក Chris Carr និងលោក Jack Wroldsen បានរកឃើញករណីជនបរទេសចំនួន១២៨ករណី ត្រូវបានហាមប្រាមក្នុងចន្លោះឆ្នាំ១៩៩៥ និង២០១៩ រួមទាំងជនជាតិអាម៉េរិក ២៩នាក់ និងជនជាតិកាណាដា៤៤នាក់។ ការយកចិត្តទុកដាក់លើបម្រាមនេះ កើតឡើងចំពេលពេលទំនាក់ទំនងចិន-អាម៉េរិក ធ្លាក់ចូលភាពតានតឹងកាន់តែខ្លាំងជុំវិញជម្លោះពាណិជ្ជកម្ម និងសន្តិសុខ។ នេះផ្ទុយពីសាររបស់ចិន ដែលថាខ្លួនកំពុងបើកទូលាយដល់ការវិនិយោគ និងការធ្វើដំណើរក្រៅប្រទេស ដែលកើតចេញពីភាពឯកោនៃវិធានការទប់ស្កាត់កូវីដដ៏តឹងតែងបំផុតមួយចំនួនរបស់ពិភពលោក។
ការវិភាគរបស់រ៉យទ័រនៃកំណត់ត្រាស្តីពីការហាមឃាត់ ការចាកចេញពីមូលដ្ឋានទិន្នន័យរបស់តុលាការកំពូលរបស់ប្រទេសចិន បង្ហាញពីការកើនឡើងចំនួនប្រាំបីដងនៃករណីដែលបង្ហាញអំពីការហាមឃាត់រវាងឆ្នាំ២០១៦ និង ២០២២។ ប្រទេសចិន កាលពីសប្តាហ៍មុនបានពង្រឹងច្បាប់ប្រឆាំងចារកម្មរបស់ខ្លួន ដោយអនុញ្ញាតឱ្យមានការហាមប្រាមការចាកចេញទៅក្រៅប្រទេសលើជនណាម្នាក់ មិនថាជនជាតិចិន ឬបរទេសដែលស្ថិតក្រោមការស៊ើបអង្កេត។ករណីភាគច្រើននៅក្នុងមូលដ្ឋានទិន្នន័យដែលសំដៅលើការហាមប្រាម ការចាកចេញគឺរដ្ឋប្បវេណី មិនមែនជាព្រហ្មទណ្ឌទេ។ ទោះយ៉ាងនេះក្ដី រ៉យទ័រ មិនបានរកឃើញថា ពាក់ព័ន្ធនឹងជនបរទេស ឬវិទ្ធង្សនានយោបាយ ឬបញ្ហាសន្តិសុខជាតិទេ។ តាមការប្រៀបធៀប សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់បម្រាមធ្វើដំណើរលើជនសង្ស័យឧក្រិដ្ឋជនមួយចំនួន ប៉ុន្តែជាទូទៅមិនមែនសម្រាប់ការទាមទារសំណងរដ្ឋប្បវេណីទេ។

ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន មិនបានឆ្លើយតបទៅនឹងសំណើរបស់រ៉យទ័រសម្រាប់ការធ្វើអត្ថាធិប្បាយលើការហាមប្រាមការចាកចេញ រួមទាំងការសាកសួរអំពីថា តើបុគ្គលប៉ុន្មាននាក់ រួមទាំងជនបរទេសដែលពាក់ព័ន្ធករណីនេះ។ មនុស្សម្នាក់ដែលត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសចិននៅឆ្នាំនេះ គឺជានាយកប្រតិបត្តិជនជាតិសិង្ហបុរីនៅក្រុមហ៊ុន Mintz Group របស់សហរដ្ឋអាម៉េរិក នេះបើយោងតាមមនុស្សបីនាក់ដែលដឹងពីបញ្ហានេះ។ ប៉ុន្តែក្រុមហ៊ុន នាយកប្រតិបត្តិ និងការិយាល័យសន្តិសុខសាធារណៈរបស់ចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Mintz បានបង្ហាញកាលពីចុងខែមីនាថា អាជ្ញាធរបានឆ្មក់ចូលការិយាល័យរបស់ក្រុមហ៊ុនចិន និងឃាត់ខ្លួនបុគ្គលិកក្នុងស្រុកចំនួនប្រាំនាក់។ ប៉ុន្តែក្រសួងការបរទេសចិន បានអះអាងថា នៅពេលនោះ ក្រុមហ៊ុន Mintz ត្រូវបានគេសង្ស័យថា បានចូលរួមក្នុងប្រតិបត្តិការអាជីវកម្មខុសច្បាប់។
លោក Lester Ross មេធាវីជើងចាស់នៅប្រទេសចិន ដែលបានដោះស្រាយករណីហាមឃាត់ការចាកចេញបាននិយាយថា ៖«ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិនកើនឡើង ភាពច្បាស់លាស់នៃហានិភ័យការហាមឃាត់ ការចាកចេញក៏បានកើនឡើង។ លើសពីនេះ លោក Ross ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយចិនរបស់សភាពាណិជ្ជកម្មអាម៉េរិកផងដែរនោះ បានសង្កត់ធ្ងន់ថា៖ ខ្ញុំ[..]បានឃើញការកើនឡើងនៃក្រុមហ៊ុន និងអង្គភាពនានា ដែលមានការព្រួយបារម្ភអំពីបញ្ហានេះ និងសុំដំបូន្មានរបស់យើងអំពីរបៀបរៀបចំ និងកាត់បន្ថយហានិភ័យនៃការហាមឃាត់ការចាកចេញ»។

ធុរកិច្ចបរទេសមានការព្រួយបារម្ភចំពោះការត្រួតពិនិត្យកាន់តែខ្ពស់ និងពាក្យមិនច្បាស់លាស់នៃច្បាប់ប្រឆាំងចារកម្ម ដែលអះអាងថា ការហាមប្រាមការចាកចេញអាចត្រូវបានដាក់លើអ្នកដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ឬការខូចខាតយ៉ាងសំខាន់ ដល់ផលប្រយោជន៍ជាតិ។ ជាធម្មតា ប្រជាជនដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសចិន រួមមាន៖ ជនជាតិចិនដែលជាប់ពាក់ព័ន្ធក្នុងជម្លោះហិរញ្ញវត្ថុ ក៏ដូចជាអ្នកការពារសិទ្ធិ សកម្មជន មេធាវី និងជនជាតិភាគតិចដូចជា អ៊ុយហ្គ័ (Uyghurs) នៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យរបស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់ Safeguard Defenders។ របាយការណ៍តុលាការចិន ដែលបង្ហាញថា មនុស្ស ៣៤០០០នាក់ ត្រូវបានដាក់នៅក្រោមការហាមឃាត់ការចាកចេញនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨ ដោយសារជំពាក់បំណុល ដែលកើនឡើង៥៥ភារយ ធៀបនឹងរយៈពេលដូចគ្នាកាលពីបីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ សកម្មជនមួយចំនួនលើកឡើងថា ការប្រើប្រាស់ច្បាប់កាន់តែទូលំទូលាយនៃការហាមប្រាមការចាកចេញ ឆ្លុះបញ្ចាំងពីវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។

ជុំវិញបញ្ហាដ៏ស្មុគស្មាញនេះ លោកស្រី Xiang Li សកម្មជនសិទ្ធិជនជាតិចិនដែលត្រូវបានបដិសេធមិនឱ្យចាកចេញអស់រយៈពេលពីរឆ្នាំមុនពេលរត់គេចពីប្រទេសចិន ក្នុងឆ្នាំ២០១៧ ហើយក្រោយមកបានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិក បានលើកឡើងថា៖ «ពួកគេអាចស្វែងរកហេតុផលណាមួយ ដើម្បីបញ្ឈប់អ្នកមិនឱ្យចាកចេញពីប្រទេសចិន»។ ជាចុងក្រោយ លោកស្រីបានប្រាប់រ៉យទ័រតាមទូរសព្ទពីរដ្ឋកាលីហ្វ័រញ៉ាថា ប្រទេសចិនមិនមាននីតិរដ្ឋទេ។ ច្បាប់ត្រូវបានប្រើដើម្បីបម្រើគោលបំណងរបស់បក្សកុម្មុយនីស្ដចិន។ ដូច្នេះ វាមានប្រសិទ្ធភាពខ្លាំងណាស់»៕



