រាជរដ្ឋាភិបាលកម្ពុជា ត្រៀមជម្លៀសនិស្សិតខ្មែរឥស្លាម៦នាក់ដែលកំពុងស្ថិតនៅប្រទេសស៊ូដង់
SBM News
24 មេសា 2023 04:22 AM

រាជធានីភ្នំពេញ៖ ជីវិតមនុស្សនៅក្នុងរដ្ឋធានីខាទុំនៃប្រទេសស៊ូដង់ និងនៅក្នុងផ្នែកជាច្រើនផ្សេងទៀតនៃប្រទេសនេះ ប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងខ្លាំង ខណៈកំពុងមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ។ 

ប្រទេសនានាកំពុងប្រញាប់ប្រញាល់បញ្ជូនពលរដ្ឋខ្លួនទៅកាន់អគារស្ថានទូត និងព្យាយាមជម្លៀសពលរដ្ឋចេញពីប្រទេសស៊ូដង់។ ចំពេល​ការប្រយុទ្ធ​គ្នា​បន្តកើនឡើង រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមជម្លៀសនិស្សិតខ្មែរឥស្លាមទាំង៦នាក់ ចេញពីស៊ូដង់ផងដែរ។ ជាមួយគ្នានោះ សម្ដេចតេជោ បានបញ្ជាទៅឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ តាមដានបញ្ហានេះឱ្យជាប់ ហើយសម្ដេចចង់ឱ្យមានការជម្លៀសនិស្សិតខ្មែរឥស្លាមជាមួយប្រជាជនម៉ាឡេស៊ី គឺនៅពេលប្រទេសម៉ាឡេស៊ីជម្លៀសប្រជាជនរបស់ពួកគេចេញពីប្រទេសស៊ូដង់ តាម​យន្ដហោះ ឬតាមនាវាក្ដី គឺត្រូវស្នើសុំដឹកនិស្សិតខ្មែរឥស្លាមទាំង៦នាក់នោះមកផង។ 

នេះបើយោងតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ​សីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់ កើតឡើងដោយសារការដណ្តើមអំណាចគ្នារវាង លោក ប៊ូហាន Burhan មេបញ្ជាការកងទ័ពស៊ូដង់ និងលោក ហេមីទី Hemedti មេដឹកនាំយោធាប៉ារ៉ា ជុំវិញផែនការដាក់បញ្ចូលយោធាប៉ារ៉ាទៅក្នុងកងកម្លាំងយោធាធម្មតា ដើម្បីគ្រប់គ្រងប្រទេសធំទីបីរបស់អាហ្វ្រិកមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត