
ខេត្តតាកែវ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ ដៃកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣ៈ០០នាទីនៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអង្គត្នោត ខាងលិចឃុំអង្គតាសោម ខេត្តតាកែវ...។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបគ្នា៤នាក់ ចេញពីផ្សារអង្គតាសោមតាមផ្លូវខាងលើ ឆ្ពោះទៅផ្ទះវិញតែខណៈពេលធ្វើសកម្មភាពជនសង្ស័យយកទូរសព្ទពុំបានទេដោយសារជនរងគ្រោះ ប្រតាយប្រតប់យកបានវិញបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសទាំងបួននាក់។ ជនរងគ្រោះទាំង៤រួមមាន៖ ទី១-ឈ្មោះឆែត ស្រីនាង អាយុ២៥ឆ្នាំ ទី២-ឈ្មោះរឿន ចម្រើន អាយុ២៥ឆ្នាំ និងកូនក្មេងចំនួន០២នាក់ទៀត ដែលពួកគេទាំងបួន រស់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានព័ត៌មានពីកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ភ្លាមៗ ដោយឃាត់បានជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះម៉ម សុខ ហៅកែវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសេកយា ឃុំអង្គតាសោម និងទី២-ឈ្មោះថន លីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម។ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូម៉ាកនិច និងកាំបិតក្រង៉ុក១។ ក្រោយការសាកសួរជនសង្ស័យទាំងពីរ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ចំនួន៤លើករួចមកហើយ។ សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕




