លោក វ៉ាត់ ចម្រើន៖ ប្រតិភូ និងអត្តពលិក ដែលមកប្រកួតស៊ីហ្គេមនៅកម្ពុជា ទាំងអាហារ និងការស្នាក់នៅគឺឥតគិតថ្លៃ
R
Rorn Phork
19 មេសា 2023 05:30 AM

រាជធានីភ្នំពេញ៖ ថ្លែងក្រោយកិច្ចប្រជុំពិសេសមួយនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក វ៉ាត់ ចម្រើន អគ្គលេខាធិការ CAMSOC-CAMAPGOC បញ្ជាក់ថា សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួត បានប្រកាសជាផ្លូវការ ដោយមិនមានការយកប្រាក់លើសេវាកម្មផ្តល់អាហារ និងការស្នាក់នៅឡើយ...។

លោក វ៉ាត់ ចម្រើន បានគូសបញ្ជាក់ថា នេះជាការផ្ដល់ភាពកក់ក្ដៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យ ក្លាយជាកំណត់ត្រាថ្មីមួយ ដោយម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃលើការហូបចុក-ស្នាក់នៅសម្រាប់មនុស្សម្នាក់៥០ដុល្លារអាម៉េរិកក្នុង១ថ្ងៃៗនោះឡើយ។ យើងទាំងអស់គ្នាទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកយកអនុសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នឹងមិនបង់ថ្លៃចំនួន៥០ដុល្លារក្នុងម្នាក់ៗនោះឡើយ។ «យើងទាំងអស់គ្នាពិតជាមានភាពកក់ក្ដៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ»។ នេះជាការបញ្ជាក់របស់លោកវ៉ាត់ ចំរើន។

អគ្គលេខាធិការរូបនេះ បន្ថែមថា «យើងនឹងផ្ដល់ជូនព័ត៌មាននេះ ទៅដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជាទទួលបានភាពកក់ក្ដៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុងកិច្ចប្រជុំប្រកបដោយអត្ថន័យ និងជាការសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត