
(រាជធានីភ្នំពេញ)៖ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្ញើសារ និងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ ដើម្បីគាំទ្រព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ខណៈនៅសល់តែ២០០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការប្រកួតផ្លូវការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំមកដល់...។

ដើម្បីឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមចំនួន៣ចំណុចរួមមាន៖ ទី១-ចូលរួមធ្វើឱ្យស្រុកទេសយើងស្អាត ការធ្វើឱ្យស្រុកទេសយើងស្អាត គឺជាភាពទាក់ទាញណាស់ ពិសេសសម្រាប់វិស័យទេសចរណ៍ ព្រោះការប្រកួតកីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយផងដែរ។ កីឡាករ-កីឡាការិនីមកចូលរួមប្រកួតក្នុងនាមជាអត្តពលិក ពួកគាត់ក៏ជាអ្នកទេសចរដែរ ព្រោះបន្ទាប់ពីប្រកួតចប់ ពួកគាត់អាចនឹងដើរកម្សាន្តតាមតំបន់មួយចំនួនមិនខាន។ មិនតែប៉ុណ្ណោះ អ្នកដែលធ្វើដំណើរមកចូលរួម គឺមិនមែនមកតែកីឡាករ ឬកីឡាការិនីនោះទេ ពោលគឺនឹងមានទាំងសាច់ញាតិមកលើកកម្លាំងចិត្ត រួមទាំងអ្នកគាំទ្រជាច្រើនម៉ឺននាក់ទៀត។

ទី២-បញ្ហាអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់៖ វាត្រូវទាមទារឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាការរៀបចំតុបតែងលម្អផងដែរ។ ការតុបតែងលម្អនេះ សំខាន់ណាស់ គឺជាការស្វាគមន៍ និងអបអរសាទរដល់ភ្ញៀវ ពិសេស ព្រឹត្តិការណ៍ទាំងមូល។ យើងបានជជែកជាមួយសាលារាជធានីភ្នំពេញរួចហើយ ហើយអាជ្ញាធររាជធានី ក៏បានយកចិត្តទុកដាក់ និងជំរុញឱ្យមានការរៀបចំតុបតែងភ្លើងតាមផ្ទះ ផ្លូវ និងនៅជុំវិញកន្លែងរៀបចំការប្រកួតឱ្យបានល្អប្រសើរ ដើម្បីធានាបានថា មើលទៅអ្វីៗទាំងអស់ ជាចលនារបស់ជាតិមួយ ក្នុងការស្វាគមន៍ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ទី៣-ការផ្ដល់នូវសេវាទេសចរណ៍ល្អ៖ គឺជាការចាំបាច់ណាស់ ដែលប្រជាពលរដ្ឋកម្ពុជាទាំងមូលត្រូវយល់ដឹងបន្ថែម និងត្រូវមានភាពរួសរាក់ទាក់លើការទាក់ទាញភ្ញៀវទេសចរ។ ការដឹកជញ្ជូនទៀតសោត មិនថា តាម Pass App និងធម្យោបាយធ្វើដំណើរអ្វីនោះទេ ត្រូវតែបម្រើសេវាកម្មឱ្យបានល្អ ព្រោះភ្ញៀវខ្លះអត់ធ្វើដំណើរតាមរយៈការរៀបចំរបស់យើងទេ គាត់ចង់ធ្វើដំណើរលក្ខណៈឯកជន ដូច្នេះ យើងត្រូវផ្ដល់នូវបដិសណ្ឋារកិច្ចល្អគ្រប់សេវាកម្ម និងគុណភាព ពិសេស សេវាកម្មគឺត្រូវតែល្អជាចាំបាច់តែម្ដង រីឯតម្លៃក៏សមរម្យ មិនត្រូវធ្វើឱ្យភ្ញៀវមកលេងម្ដងហ្នឹង ហើយលែងចង់មកលេងម្ដងទៀតនោះទេ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសរាជធានី-ខេត្តគោលដៅ ត្រូវទទួលរៀបចំការប្រកួត មានដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ត្រូវចូលរួមឱ្យបានល្អ ឱ្យបានសកម្ម ដើម្បីជំរុញការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ...៕


