
ភ្នំពេញ៖ ក្រសួងការពារជាតិ សម្រេចផ្ដល់នូវកម្លាំងកងអង្គរក្សជាង ១ពាន់នាក់ ដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រាប់ហ្វឹកហាត់ត្រៀមសម្ដែងទស្សនីយភាព អបអរសាទរពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចប្រជុំ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាប្រធានគណៈកម្មការបើក-បិទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិភាក្សាពីការរៀបចំនូវកម្លាំងកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមការងារជំនាញ ដើម្បីដាក់ចេញនូវកម្លាំងពិត ទីកន្លែងច្បាស់លាស់ និងការរៀបចំកម្មវិធី ពិសេសសមាសភាពគ្រប់គ្រាន់ សម្រាប់ធ្វើការហ្វឹកហាត់។

ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា ជាជំហានដំបូង ដំណាក់កាលទី១ គឺត្រូវការ ១០៥០នាក់ សម្រាប់ចាប់ផ្ដើមការងារហ្វឹកហាត់ ហើយជាង ១ពាន់នាក់នេះ ត្រូវបានក្រសួងការពារជាតិ តាមរយៈកិច្ចប្រជុំនេះ បានឯកភាពឱ្យយកកម្លាំងរបស់កងអង្គរក្សតែម្ដង ដែលជាកងកម្លាំងរៀបរយស្រេច កម្លាំងមានការហ្វឹកហាត់ក្បាច់គុនស្រេច មកធ្វើការរៀបចំ។
បន្ទាប់ពីទទួលបានការឯកភាពនេះ ក្រុមការងារគណៈកម្មការបើក-បិទរបស់ CAMSOC គ្រោងនឹងទៅជួបសម្ដែងការគួរសមផ្ទាល់ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងអង្គរក្ស ក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការចង្អុលបង្ហាញ និងការផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមការងារ ក្នុងការរៀបចំការហ្វឹកហាត់នៅកងអង្គរក្សតែម្ដង។ ក្នុងនោះមានគ្រូបង្គោលចំនួន ៥០នាក់ នឹងត្រូវចាត់ចែងផ្ទាល់ដោយបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីបង្ហាត់ និងការត្រៀមសម្ដែងនូវទស្សនីយភាព ស្គរជ័យអរិយធម៌ខ្មែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា៖ «ការធ្វើការងារក្នុងពេលនេះ យើងមានស្មារតីរួមល្អណាស់ ដោយសារការយោគយល់គ្នា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែជំរុញថា អ្វីដែលគួរធ្វើ ត្រូវតែជំរុញ ហ្មត់ចត់និងឱ្យមានរបៀបរៀបរយ»។
គួរបញ្ជាក់ផងដែរថា កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ រីឯព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូង នៅកម្ពុជាវិញ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕





