
(រាជធានីភ្នំពេញ)៖ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការ Beyond the Games នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការនេះ ដើម្បីបំផុសចលនាមហាជន ឱ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង...។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ មានប្រសាសន៍ថា «ក្នុងនាមជាគណៈកម្មាធិការជាតិ CAMSOC សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំបើកយុទ្ធនាការក្រៅពីកីឡា។ មានន័យថា លើសពីអ្វីដែលជាកីឡា ជាកម្មវិធីមួយដ៏ពិសេស ដើម្បីគាំទ្រដល់ការបំផុសចលនាមហាជនទូទៅ ឱ្យជ្រួតជ្រាបបន្ថែម នូវការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកដំបូង នៅកម្ពុជា»។ ការរៀបចំយុទ្ធនាការនេះ គឺជាក្ដីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំ សម្រាប់ឆ្ពោះទៅរកគោលដៅ ដែលគណៈកម្មការរៀបចំ ចង់បាន ពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានបទពិសោធខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រហូតលិចចេញជាលទ្ធផល និងផ្លែផ្កា ដែលនឹងជួយសម្រាលការងារមួយចំនួនរបស់ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមថា «យើងពិតជារំភើបរីករាយខ្លាំងណាស់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដួចផ្ដើមធ្វើកិច្ចការដ៏មានសារសំខាន់នេះឡើង សម្រាប់ជាប្រវត្តិសាស្ត្រមនុស្សជាតិ សម្រាប់ជាប្រវត្តិសាស្ត្រនៃប្រទេសជាតិរបស់យើង និងជាការដាស់ស្មារតី នៃមនសិកាជាតិទាំងមូល រួមគ្នាជាធ្លុងមួយ ឯកភាពជាតិតែមួយ ឆ្ពោះទៅរកសុភមង្គល និងគោលដៅ នៃភាពសុខសាន្ដ និងសន្ដិភាពយូរអង្វែងនៅកម្ពុជា»។ ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ Beyond the Games បានថ្លែងថា យុទ្ធនាការនេះ ជាមួយយុទ្ធនាការរួមរបស់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងគោលបំណងសំខាន់ៗ៣ រួមមាន៖

១- យកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងកម្ពុជា លើសពីកីឡា លើសពីស៊ីហ្គេម លើសពីអាស៊ានប៉ារ៉ាហ្គេម ប៉ុន្ដែលើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្ដិភាព សមត្ថភាព ឧត្តមភាព និងសក្ដានុពលរបស់កម្ពុជា។
២- ផ្សារភ្ជាប់តម្លៃនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយមោទកភាពនូវអ្វីដែលកម្ពុជាមាន ក្នុងនាមជាម្ចាស់ផ្ទះ និងរំលេចភាពសម្បូរសប្បាយ ការរីកចម្រើន វប្បធម៌ អរិយធម៌ និងមោទកភាពជាតិ ប្រកបដោយសុទិដ្ឋិនិយម ភាពជឿជាក់ និងក្ដីសង្ឃឹមចំពោះអនាគតកម្ពុជា។
៣-ជំរុញឱ្យសាធារណជនស្វែងយល់បន្ថែមទៀត ហើយបន្សល់នូវស្មារតី និងចងចាំនូវអនុស្សាវរីយ៍ល្អៗទាំងមុន អំឡុងពេល និងក្រោយព្រឹត្តិការណ៍៕







