នៅក្នុងកិច្ចប្រជុំអ្នកការទូតនៃក្រុមប្រទេសប្រជាធិបតេយ្យដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅទីក្រុងរមណីយដ្ឋាន Karuizawa របស់ប្រទេសជប៉ុននៅថ្ងៃចន្ទទី ១៧ ខែមេសា ការរួបរួមប្រឆាំងនឹងប្រទេសចិនបានក្លាយជាប្រធានបទដ៏សំខាន់។ ខណៈពេលដែលបញ្ហាអ៊ុយក្រែនក៏ស្ថិតក្នុងរបៀបវារៈកំពូល។
កិច្ចពិភាក្សារយៈពេលពីរថ្ងៃកំពុងប្រព្រឹត្តទៅក្រោមស្រមោលនៃសុន្ទរកថាដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកាលពីសប្តាហ៍មុនបានស្នើឱ្យអឺរ៉ុបគួរតែជៀសវាងការប្រឈមនឹងវិបត្តិដែលមិនមែនជារបស់ប្លុកមួយនេះ។

សុន្ទរកថាបើកនៃសម័យប្រជុំដំបូងកាលពីថ្ងៃចន្ទ ដែលមានបំណងចង់សង្កត់ធ្ងន់លើមូលដ្ឋានរួមត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់សមភាគីរបស់លោកថា ការរួបរួមនៃ G7 គឺមានសារសំខាន់ខ្លាំងណាស់។ សម័យប្រជុំដំបូងកាលពីថ្ងៃចន្ទ និងអាហារពេលល្ងាចការងាររបស់រដ្ឋមន្ត្រីនៅយប់ថ្ងៃអាទិត្យទី ១៦ ខែមេសា បានផ្តោតលើប្រទេសចិន និងបញ្ហាប្រឈមក្នុងតំបន់។ លោក Hayashi បានជំរុញឱ្យសមភាគីបង្ហាញដល់ពិភពលោកនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ G7 ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។
ម្ចាស់ផ្ទះជប៉ុនបានដាក់បញ្ហាប្រឈមក្នុងតំបន់នៅលើរបៀបវារៈ ហើយព្រឹត្តិការណ៍ថ្មីៗរួមទាំងសមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឱ្យការផ្តោតអារម្មណ៍សម្រាប់កិច្ចប្រជុំកាន់តែច្បាស់។

នៅពេលដែលរដ្ឋមន្ត្រីបានចាប់ផ្តើមកិច្ចពិភាក្សា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួនបានបើកនាវាពិឃាតមីស៊ីលនាំផ្លូវឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរ ដោយទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនបានតាមដាននាវានោះ។
ភាពចម្រូងចម្រាសលើការលើកឡើងរបស់លោក ម៉ាក្រុង នឹងជំរុញឱ្យមានការពិនិត្យមើលកាន់តែដិតដល់នូវរបៀបនៃការប្រើប្រាស់ពាក្យក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយប្រើលើប្រទេសចិន និងការគំរាមកំហែងរបស់ទីក្រុងប៉េកាំងក្នុងការដណ្តើមយកកោះតៃវ៉ាន់។
ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីកាលពីថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) បានលើកឡើងថា ការពិភាក្សាកន្លងមកគ្រាន់តែពង្រឹងការបញ្ចូលគ្នានៃទស្សនៈដែលយើងមាន។ ខណៈពេលដែល លោកបានជួបជាមួយសមភាគីបារាំងគឺលោកស្រី Catherine Colonna ។
លោក Colonna បានបន្ថែមថា៖«យើងរួបរួមគ្នា យើងកំពុងផ្តល់សញ្ញាដូចគ្នាយ៉ាងច្បាស់ទៅកាន់ពិភពលោកទាំងមូលថា ស្ថានភាពណាមួយតម្រូវឱ្យមានការគោរពច្បាប់អន្តរជាតិជាលក្ខខណ្ឌជាមុនសម្រាប់អ្វីផ្សេងទៀត»។

រដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងយល់ព្រមដោយប្រើពាក្យធ្ងន់ៗនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយនៅថ្ងៃអង្គារទី ១៨ ខែមេសា ដោយព្រមានប្រឆាំងនឹងសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង និងការប្រឆាំងម្ដងទៀតចំពោះការផ្លាស់ប្ដូរស្ថានភាពដោយបង្ខំលើកោះតៃវ៉ាន់។ លើសពីនោះ ពួកគេក៏ទំនងជាព្រមានអំពីការធ្វើពាណិជ្ជកម្មអាវុធ និងតម្រូវការសម្រាប់ការធ្វើពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់លើសម្ភារៈរសើបដូចជា semiconductors ដែលត្រូវបានគេមើលឃើញថាជាសារមួយផ្សេងទៀតដែលសំដៅទៅកាន់ទីក្រុងប៉េកាំង។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាម៉េរិកម្នាក់ បានលើកឡើងថា មានភាពរួបរួមច្រើននៅក្នុងកិច្ចប្រជុំ។ មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋមន្ត្រីនឹងផ្ញើសារថា៖«យើងចង់ធ្វើការជាមួយប្រទេសចិន ប៉ុន្តែយើងពិតជានឹងក្រោកឈរឡើងប្រឆាំងនឹងការបង្ខិតបង្ខំណាមួយ ឬឧបាយកលទីផ្សារណាមួយ»។
ទោះបីជាមានការផ្តោតសំខាន់លើប្រទេសចិនក៏ដោយ ក៏បញ្ហាអ៊ុយក្រែននៅតែជាអាទិភាពក្នុងកិច្ចពិភាក្សាជាមួយអ្នកការទូតដែលប្តេជ្ញាពង្រឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយមិនបង្ហាញពីវិធានការថ្មីជាក់លាក់ណាមួយឡើយ។ ពួកគេក៏បានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការគេចវេសពីការដាក់ទណ្ឌកម្ម ក៏ដូចជាការផ្គត់ផ្គង់អាវុធពីភាគីទីបីដល់ប្រទេសរុស្ស៊ី ដែលទំនងជាជាការព្រមានបន្ថែមដល់ប្រទេសចិនស្តីពីកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូក្នុងសង្គ្រាមនៅអ៊ុយក្រែន៕
