សង្ក្រាន្តឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ដើរកម្សាន្តសរុបជាង១៣លាននាក់
R
Rorn Phork
17 មេសា 2023 03:00 PM

រាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៣លាននាក់ ស្របពេលដែល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃថា ចរន្តភ្ញៀវទេសចរនេះ កើនច្រើនជាងកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ទៅទៀត។

ឯកឧត្តម ថោង ខុន បានអះអាងថា «រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៣ ១៨៧ ៧៧១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៣ ១៣២ ០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៥៥៦៩១នាក់»។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង១៣លាននាក់ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនដ៏ច្រើនលើសលុបហួសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។ ចំនួនភ្ញៀវទាំងជាង១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្តបានរាប់បញ្ចូលទាំងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ ទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិ/ស្រុក និងកន្លែងជួបជុំនានាទូទាំងប្រទេស។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត (ខួប១០ឆ្នាំ) ដែលបើកទំព័រឡើងក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ពិសេសនៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ/ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាត្រ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្តបានទទួលភ្ញៀវស្ទើរពេញស្ទើរ១០០%។ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។ ឯកឧត្តមបញ្ជាក់ថា «ចរន្តភ្ញៀវទេសចរដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេសដោយឥតភ័យព្រួយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត