
(បាល់ទាត់) លោក Frank Lampard នឹងត្រលប់មកធ្វើការជាមួយក្លឹបតោខៀវ Chelsea ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីលោក Graham Potter ត្រូវបានក្លឹបបណ្តេញចេញពីតំណែងកាលពីចុងសប្តាហ៍មុន។
បុរសញ្ជាតិអង់គ្លេសវ័យ ៤៤ ឆ្នាំរូបនេះធ្លាប់ដឹកនាំក្រុម Chelsea ម្ដងរួចមកហើយ ប៉ុន្តែត្រូវក្លឹបបណ្តេញចេញពីតំណែងកាលពីឆ្នាំ ២០២១ ក្រោយពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទ្បើយ ដោយក្លឹបអង់គ្លេសមួយនេះបានតែងតាំងលោក Thomas Tuchel ។

ការតែងតាំងលោក Lampard ជាគ្រូបង្វឹកបណ្តោះអាសន្នធ្វើឡើង ខណៈក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះកំពុងចរចាជាមួយនឹងលោក Julian Nagelsmann និងលោក Luis Enrique ដើម្បីមកដឹកនាំក្រុមនារដូវកាលក្រោយ។
អ្នកសារព័ត៌មានកីឡាដ៏ល្បីឈ្មោះ លោក Fabrizio Romano បានរាយការណ៍ថា លោក Luis Enrique ដែលជាអតីតគ្រូបង្វឹក FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ់ បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីភាក្សាជាមួយនឹងក្លឹប Chelsea រួមទាំងអតីតគ្រូបង្វឹក Bayern Munich លោក Julian Nagelsmann ផងដែរ។

កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅថ្មីៗនេះ លោក Frank Lampard ក៏មានវត្តមានចូលរួមទស្សនាក្នុងការប្រកួតរវាង Chelsea និង Liverpool នៅឯកីទ្បដ្ឋាន Stamford Bridge ផងដែរ។ ខណៈដែលក្លឹបយក្សអង់គ្លេសទាំងពីរនេះប្រកួតស្មើគ្នា ០-០ ប៉ុណ្ណោះ។
បច្ចុប្បន្នក្លឹប Chelsea កំពុងនៅក្រោមការដឹកនាំរបស់លោក Bruno Saltor ជាអតីតជំនួយគ្រូបង្វឹកលោក Potter។ ការប្រកួតបន្តរបស់ក្លឹប Chelsea ត្រូវប៉ះគ្នាជាមួយនឹងក្លឹប Wolves នាចុងសប្តាហ៍នេះ មុនប៉ះគ្នាជាមួយនឹងក្លឹប Real Madrid នៅក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Champions League នាថ្ងៃទី ១២ មេសា ឆ្នាំ២០២៣ ខាងមុខនេះ៕




