Graham Potter ត្រូវក្លឹប Chelsea បណ្តេញចេញពីតំណែង ខណៈ Julian Nagelsmann អាចជាបេក្ខភាពនាំមុខគេ
Serichopon Ye
03 មេសា 2023 06:30 PM

(បាល់ទាត់)៖ បន្ទាប់ពីក្រុម Chelsea ទទួលរងបរាជ័យក្រោមថ្វីជើងក្រុម​ Aston Villa ឯនៅកីទ្បដ្ឋាន Stamford Bridge ក្នុងលទ្ធផល ០-២ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោក ក្រាហែម ផតទ័រ Graham Potter ត្រូវបានម្ចាស់ក្លឹប Chelsea បណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមអស់រយៈពេលជាងប្រាំពីរខែមក...។

ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter ហាក់ដូចជាមិនទទួលលទ្ធផលគាប់ប្រសើរទ្បើយ ក្នុងចំណោម៣១ប្រកួត គឺចាញ់ដល់ទៅ១១ដង ចាប់តាំងពីលោក Thomas Tuchel ចាកចេញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រុម Chelsea បានធ្លាក់ទៅកាន់លេខរៀងទី១១ ក្នុងតារាងក្របខណ្ឌ English Premier League សប្តាហ៍ទី២៨ ដោយដេញតាមពីក្រោយក្រុម Manchester United ជាក្រុមលេខ៤ នៅក្នុងលីគ រហូតដល់ទៅ១២ពិន្ទុឯណោះ។ នារដូវកាលនេះក្រុម Chelsea បានចំណាយទឹកប្រាក់ប្រមាណជាង៥៥០លានផោន ក្នុងការទិញកីទ្បាករថ្មីៗជាច្រើននាក់ ចាប់តាំងពីលោក Todd Boehly ចូលមកគ្រប់គ្រងក្រុមក្នុងនាមជាប្រធានក្លឹបថ្មី។

យ៉ាងណា ក្រោយពីក្លឹប Chelsea បណ្តេញលោក Graham Potter ចេញពីតំណែងអ្នកចាត់ការទូទៅ មានសេចក្ដីរាយការណ៍ពី Fabrizio Romano ថា អតីតគ្រូបង្វឹកក្លឹប​ Bayern Munich លោក ជូលៀន ណាហ្គេលស្មាន់ Julian Nagelsmann ជាបេក្ខភាពនាំមុខគេ ក្នុងការមកដឹកនាំក្លឹបយក្សអង់គ្លេសមួយនេះ។ លោក Julian Nagelsmann ត្រូវបានក្លឹប Bayern Munich បណ្តេញចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ក្រុម Bayern Leverkusen នៅឯកីទ្បដ្ឋាន BayArena ដោយលទ្ធផល ២-១ ដែលបានធ្វើឱ្យក្រុមយក្សអាល្លឺម៉ង់មួយនេះធ្លាក់ទៅកាន់លេខរៀងទី២ ខណៈដែលម្ចាស់ក្លឹបយក្សមួយនេះ បានសម្រេចចិត្តតែងតាំងអតីតគ្រូបង្វឹកក្រុម Chelsea លោក Thomas Tuchel វិញ។ 

សូមបញ្ជាក់ថា ការប្រកួតលីគបន្តរបស់ក្លឹបតោខៀវ Chelsea ត្រូវប៉ះគ្នាជាមួយនឹងក្រុមហង្សក្រហម Liverpool និង Wolves មុនពេលប្រកួតជាមួយក្រុមអធិរាជ-ស Real Madrid សម្រាប់ការប្រកួត UEFA Champions League នៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

លោក Julian Nagelsmann
លោក Julian Nagelsmann
លោក Thomas Tuchel
លោក Thomas Tuchel
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត