
(បាល់ទាត់) ក្លិបតោខៀវ Chelsea បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាបទីមួយរបស់ទ្វីបអឺរ៉ុប UEFA Champions League ក្រោយពីទម្លាក់ក្លិប Borussia Dortmund ដោយបញ្ចប់លទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Stamford Bridge ខណៈដែលលទ្ធផលសរុបទាំងពីរជើង ២-១។

២ គ្រាប់របស់ក្រុមលោក Graham Potter រកបានដោយកីទ្បាករ Raheem Sterling នាទី៤៣ និង ១គ្រាប់ទៀតជាការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Kai Havertz នាទី៥៣ ក្នុងតង់ទី២ ខណៈដែល Borussia Dortmund របស់លោក Edin Terzić ក៏បានព្យាយាមដាក់សម្ពាធលើគូរប្រជែងវិញផងដែរ។ ប៉ុន្តែនៅក្នុងជំនួបនេះក្លិបអាល្លឺម៉ង់នេះមិនសូវមានសំណាងទាល់តែសោះ។ លទ្ធផលនេះ បានរក្សារហូតដល់ចប់៩០នាទី ដោយមិនមានគ្រាប់បាល់កើតទ្បើងបន្តទៀតឡើយ។

លទ្ធផលបែបនេះបានធ្វើឱ្យក្លិបតោខៀវ Chelsea បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាបទីមួយរបស់ទ្វីបអឺរ៉ុប UEFA Champions League ខណៈដែលក្លិបយក្សអង់គ្លេសមួយនេះធ្លាប់ឈ្នះពានរង្វាន់នេះចំនួន ២លើករួចមកហើយ។ ចំណែកឯក្លិប Benfica ក៏បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយផងដែរ បន្ទាប់ពីយកឈ្នះលើក្លិប Brugge Club ក្នុងលទ្ធផលសរុបទាំងពីរជើង ៧-១ កាលពីយប់មិញ៕




