ប្រេងឆៅឡើងថ្លៃភ្លាមៗ ក្រោយក្រុមប្រទេសផលិតប្រេង OPEC ប្រកាសកាត់បន្ថយ
វុធ ច័ន្ទតារា
03 មេសា 2023 04:00 AM

តម្លៃប្រេងឆៅសកលលោក នៅថ្ងៃចន្ទទី០៣មេសានេះ បានហក់ឡើងថ្លៃភ្លាមៗ បន្ទាប់តែមួយថ្ងៃដែលក្រុមប្រទេសផលិតប្រេង OPEC បានប្រកាសវិធានការដ៏ភ្ញាក់ផ្អើលមួយ ដោយកាត់បន្ថយការផលិតប្រេងប្រចាំថ្ងៃដល់ទៅជាង១លានបារ៉ែល ក្រោមហេតុផលថា ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងសកលលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។ 

ក្រុមប្រទេសផលិតប្រេងធំៗពិភពលោកនៃអង្គការ​ OPEC កាលពីថ្ងៃអាទិត្យទី០២មេសា បានប្រកាសកាត់បន្ថយការផលិតប្រេងប្រចាំថ្ងៃក្នុងរង្វង់១,១៦លានបារ៉ែល ក្នុងមួយថ្ងៃ។ ប្រការនេះ ធ្វើឱ្យទិន្នផលប្រេងចេញពីក្រុមប្រទេស OPEC ដែលក្នុងនោះក៏មានរុស្ស៊ីដែរ ត្រូវធ្លាក់ចុះមកនៅសល់ត្រឹមជាង ៣,៦៦លានបារ៉ែល ក្នុងមួយថ្ងៃ ស្មើនឹងប្រមាណ៣,៧ភាគរយ នៃតម្រូវការប្រេងសរុបពិភពលោក។ ការកាត់បន្ថយនេះ ធ្វើឡើងនៅមុនពេល ការចូលមកដល់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការ OPEC+ នៅសប្តាហ៍នេះ ដែលមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីជាសមាជិកដែរ។​ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC+ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើការបន្តការបន្ថយការផលិតប្រេងឆៅប្រចាំថ្ងៃ ឱ្យនៅសល់ត្រឹម២លានបារ៉ែល រហូតដល់បំណាច់ឆ្នាំ២០២៣។​

ការបន្តកាត់បន្ថយទិន្នផលប្រេងរបស់ OPEC គឺដោយសារតែគេចង់រក្សាតម្លៃប្រេងឆៅឱ្យស្ថិតនៅរង្វង់៨០ដុល្លារ ឬលើសពី៨០ដុល្លារក្នុងមួយធុងបារ៉ែល ខណៈកាលពីខែមុនតម្លៃប្រេងបានធ្លាក់ចុះមកត្រឹម៧០ដុល្លារក្នុងមួយបារ៉ែល​ នៅចំពោះមុខភាពរង្គោះរង្គើនៃធនាគារធំៗនៅអាម៉េរិក និងអឺរ៉ុប។​ អ្នកតាមដានទីផ្សារប្រេងពិភពលោកជឿថា តម្លៃប្រេងអាចនឹងកើនឡើង១០ដុល្លារក្នុងមួយធុងបារ៉ែល នៅពេញមួយសប្តាហ៍នៃការជួញដូរនេះ ក្រោយការប្រកាសកាត់បន្ថយការផលិតពី OPEC។ ជាក់ស្តែង នៅពេលចាប់ផ្តើមបើកទីផ្សារជួញដូរនៅថ្ងៃចន្ទនេះ តម្លៃប្រេង Brent របស់អង់គ្លេស បានឡើងថ្លៃ៦ដុល្លារ ដល់តម្លៃ៨៥,៥៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាម៉េរិកឡើងថ្លៃប្រមាណ៥ដុល្លារ ដល់ជិត៨១ដុល្លារក្នុងមួយធុងបារ៉ែល។ ស្ថាប័នហិរញ្ញវត្ថុដ៏ធំនៅអាម៉េរិក Goldman Sachs​ បានដំឡើងការព្យាករតម្លៃប្រេងសកលថានឹងអាចឡើងថ្លៃដល់ ៩៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមឆ្នាំនេះ ខណៈឆ្នាំក្រោយឆ្នាំ២០២៤អាចនឹងឡើងថ្លៃដល់ ១០០ដុល្លារក្នុងមួយបារ៉ែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត