គ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញវត្តមាននៅចុងសប្តាហ៍នេះ
Serichopon Ye
31 មីនា 2023 10:15 AM

(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឬហៅកាត់ថា FFC នឹងធ្វើការប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី សម្រាប់មកដឹកនាំក្រុមគោព្រៃកម្ពុជា បន្ទាប់ពីលោក កៃស៊ូកិ ហុងដា Keisuke Honda បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។ លោក Keisuke Honda ដែលមានវ័យ៣៦ឆ្នាំ ត្រូវបាន FFC តែងតាំងជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា កាលពីឆ្នាំ២០១៨ មុនទទួលបន្ទុកដឹកនាំក្រុមគោព្រៃកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្នុងនាមជាគ្រូបង្គោល សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជា ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាក្ដី បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) មិនទាន់មានការតែងតាំងគ្រូបង្គោលថ្មីនៅទ្បើយទេ បន្ទាប់ពីកិច្ចសន្យារបស់លោក រីយ៉ូ ហិរ៉ូស៊ិ Ryu Hirose បានផុតកំណត់ជាមួយក្រុមគោព្រៃ ក្រោយចប់ AFF Cup ឆ្នាំ២០២២ កាលពីចុងឆ្នាំកន្លងទៅ។ លោក Ryu Hirose ជាគ្រូបង្គោលទី២ ចាប់តាំងពីលោក Keisuke Honda ត្រូវបាន FFC តែងតាំងជាអ្នកចាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៨ បន្ទាប់ពីការចាកចេញរបស់លោកហ្វីឡិច ឌែលម៉ាស Félix Dalmás នៅឆ្នាំ២០២០មកម៉្លេះ។

គួរបញ្ជាក់ថា លោក Keisuke Honda នឹងដឹកនាំក្រុមគោព្រៃកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរស ជាលើកចុងក្រោយ មុនចែកផ្លូវជាមួយក្រុម ខណៈដែល FFC នឹងធ្វើការប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី នាចុងសប្តាហ៍នេះ៕

លោក Ryu Hirose
លោក Ryu Hirose
លោក Félix Dalmás
លោក Félix Dalmás
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត