
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។

ក្រសួងសាធារណការបានស្នើអភិបាលរាជធានី-ខេត្តជួយអន្ដរាគមន៍ និងសម្របសម្រួលដល់ដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ឲ្យបានរលូន។ នេះបើយោងតាមលិខិតស្នើសុំរបស់រដ្ឋមន្ត្រីសាធារណការទៅកាន់អភិបាលរាជធានី-ខេត្តទាំង៥ រួមមានអភិបាលរាជធានី ភ្នំពេញ អភិបាលខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងអភិបាលខេត្តសៀមរាប។
ក្រសួងសាធារណការ គូសបញ្ជាក់ថា៖ «ស្នើសុំ ឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាបបានរលូន។ ដំណើរការសិក្សានឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ»។

គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣។
ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្រសួងសាធារណការក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ដែលជាគម្រោងទី៤ ផងដែរ។ ដោយឡែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម គ្រោងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣ នេះ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១ ៦៣៨លានដុល្លារ។

គួររំលឹកថា ផ្លូវល្បឿនលឿនដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម មានតម្លៃជាង២០០០លានដុល្លារអាម៉េរិក។ ផ្លូវល្បឿនលឿននេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយក្រុមហ៊ុនចិន CRBC បានសាងសង់រួចជាស្ថាពរ។
បើតាមរាជរដ្ឋាភិបាលកម្ពុជា ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿនទាំងនេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT)។ គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា គឺដើម្បីសមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម៕


