
រាជធានីភ្នំពេញ៖ ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការចុងឆ្នាំ២០២២។ ពាក្យ GPT នេះ មកពីពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសាដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។

ChatGPT ប្រើបច្ចេកវិទ្យា AI ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង១៧៥ ប៊ីលានមាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្ស ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា។
យ៉ាងណាមិញ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថល បាននឹងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋ និងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ។

ស្របជាមួយគ្នានេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញបងប្អូនទាំងអស់មកចូលរួមទស្សនាការតាំងបង្ហាញ និងសាកល្បងប្រើប្រាស់ ChatGPT នៅទីតាំងពិពរណ៍ ហើយក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងបង្ហាញព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។ ការតាំងបង្ហាញ គឺចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួនដែលជាបច្ចេកវិទ្យាថ្មីប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យាសម័យបច្ចុប្បន្ន...៕




