
ប្រទេសចិន នឹងក្លាយជាផ្នែកមួយដ៏ធំនៃការស្ទុះងើបឡើងវិញសម្រាប់តម្រូវការប្រេងរបស់ពិភពលោក ខណៈដែលសេដ្ឋកិច្ចសកលកំពុងព្យាយាមទប់ខ្លួនពីការធ្លាក់ចុះខ្លាំងនោះ។ នៅចំពោះមុខការដំឡើងអត្រាការប្រាក់គោលជាបន្តបន្ទាប់ពីធនាគារកណ្តាលនៅជុំវិញពិភពលោក តែទោះជាយ៉ាងណា សង្ឃឹមមួយដែលអាចនឹងជ្រោមជ្រែងសេដ្ឋកិច្ចសកលបាន នោះគឺវិស័យប្រេង។ ប្រេងដែលប្រទេសចិនផ្តើមមានតម្រូវការឡើងវិញ បន្ទាប់ពីការទម្លាក់ចោលវិធានការសូន្យកូវីដ-១៩ និងបើកចំហប្រទេសឡើងវិញ...។

ស្ថាប័នស្រាវជ្រាវមួយឈ្មោះ វូត ម៉ាកឃេនហ្ស៊ី (Wood Mackenzie) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ចេញរបាយការណ៍មួយបង្ហាញថា ការបើកប្រទេសចិនឡើងវិញ គឺជាក្បាលម៉ាស៊ីនបង្កើនតម្រូវការប្រេងឡើងវិញដ៏ធំនៅឆ្នាំ២០២៣នេះ។ ស្ថាប័ននេះរំពឹងថា ចិននឹងតំណាងឱ្យជិត៤០ភាគរយ នៃតម្រូវការប្រេងសរុបរបស់ពិភពលោក។ ប្រការនេះបានសេចក្ដីថា ការដឹកជញ្ជូន និងការធ្វើដំណើរ ក៏នឹងមានសកម្មភាពខ្លាំងក្លាណាស់ដែរ។ របាយការណ៍ខាងលើនេះ ធ្លាក់មកជួនចំពេលដែល ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទើបបានបញ្ចប់ទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដោយសម្រេចបានកិច្ចព្រមព្រៀងជាច្រើនជាមួយប្រធានាធិបតី លោកពូទីន មានជាអាទិ៍ កិច្ចព្រមព្រៀងសេដ្ឋកិច្ចពីពេលនេះដល់ឆ្នាំ២០៣០។ ច្បាស់ណាស់ថា កិច្ចព្រមព្រៀងទាំងនោះ គឺរាប់បញ្ចូល ទាំងការដោះដូរ និងសន្តិសុខថាមពលរវាងភាគីទាំងពីរផងដែរ។

ដោយឡែក ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជម្រុកប្រេងអារ៉ាប់ ប៊ីសាអូឌីត កាលពីពេលកន្លងទៅ លោកស៊ី ជីនពីង ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃស្ថិរភាពទីផ្សារប្រេងសកលផងដែរ។ វូត ម៉ាកឃេនហ្ស៊ី ស្ថាប័នស្រាវជ្រាវមានមូលដ្ឋាននៅចក្រអង់គ្លេសមួយនេះ មានសុទិដ្ឋិនិយមចំពោះទីផ្សារប្រេងសកលនៅក្នុងឆ្នាំនេះ ទោះបីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានពីនិន្នាការមិនច្បាស់លាស់ក៏ដោយ។ របាយការណ៍ដដែលបានកត់សម្គាល់ថា តម្រូវការច្រើនក្នុងប្រទេសភាគច្រើន គឺចេញពីប្រភពវិស័យឯកជន ពិសេសគឺសម្រាប់រោងចក្រ សហគ្រាស និងការធ្វើដំណើររបស់ពួកគេ។ ក្រៅពីនោះ វូត ម៉ាកឃេនហ្ស៊ី បានព្យាករណ៍សេដ្ឋកិច្ចថា នឹងមានកំណើនដល់ ៧ភាគរយឯណោះ ខណៈការរំពឹងទុករបស់រដ្ឋអំណាចប៉េកាំងកន្លងមក មានត្រឹមរង្វង់៥,៥ភាគរយ។

សូមជម្រាបថា អង្គការប្រទេសអ្នកនាំចេញប្រេង ហៅកាត់ថា OPEC កាលពីពេលថ្មីៗនេះ ក៏បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងរបស់ចិននៅឆ្នាំ២០២៣ផងដែរ ដោយសារការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ OPEC រំពឹងថា តម្រូវការប្រេងរបស់ចិននឹងកើនឡើង ៧១ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ ធៀបនឹងការព្យាករកាលពីខែមុនដែលមានចំនួនតែ ៥៩ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ ដោយឡែក បើតាមអង្គការដដែលនេះ តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៣ នឹងកើនឡើង ២,៣៤លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹងកំណើន២,៣ភាគរយធៀបនឹងឆ្នាំមុន៕





