
ត្រឹមរយៈពេល៤៨ម៉ោង «Silicon Valley Bank ឬ SVB» ដែលជាធនាគារដ៏ធំ លំដាប់ទី១៦នៅសហរដ្ឋអាម៉េរិក មានទ្រព្យសកម្មសរុប២០០ពាន់លានដុល្លារ ត្រូវដួលរលំក្ស័យធន។ ការណ៍នេះ បានបង្កក្តីបារម្ភ និងរង្គោះរង្គើភ្លាមៗដល់ភាគហ៊ុនធនាគារតូចធំ នៅស្ទើរជុំវិញពិភពលោក ឱ្យរអិលធ្លាក់ចុះជាបន្តបន្ទាប់ រាប់ចាប់ពីនៅអាម៉េរិកផ្ទាល់ អឺរ៉ុប និងតំបន់អាស៊ី។ តើការដួលរលំនេះ កំពុងប៉ះពាល់កម្រិតណា ដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ? ហើយបើនិយាយជារួម វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចសកលដែរឬទេ? ហើយថាតើនរណានឹងក្លាយជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ...?

ការដួលរលំនៃធនាគារ Silicon Valley បង្កការភ័យខ្លាចចំពោះការឆ្លងរាលដាលកាន់តែខ្លាំងនៅទូទាំងវិស័យហិរញ្ញវត្ថុសកល។ ប៉ុន្តែបើតាមអ្នកជំនាញក្នុងវិស័យនេះ បានអះអាងថា ការរីករាលដាលនៃបញ្ហាហិរញ្ញវត្ថុនៅមានកម្រិតទាបនៅឡើយ ដែលមួយផ្នែកដោយសារតែធនាគារ Silicon Valley តំណាងឱ្យមួយផ្នែកតូចនៃកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Startup របស់ពិភពលោកទាំងមូល។ ប៉ុន្តែ គេក៏បានព្រមានដែរថា ប្រសិនបើស្ថានការណ៍អូសបន្លាយ វាអាចវិវត្តកាន់តែអាក្រក់ទៅៗ ដោយសារការភ័យខ្លាច និងបាត់ទំនុកចិត្តពីការវិនិយោគ។
ជាក់ស្តែង ភាគហ៊ុនធំៗនៅជុំវិញពិភពលោក បានធ្លាក់ចុះភ្លាមៗ ចាប់តាំងពីដើមសប្តាហ៍នេះមក។ ស្ថានការណ៍ចុងក្រោយបំផុតមួយ គឺវិបត្តិធនាគារនៅសហរដ្ឋអាម៉េរិកកំពុងឆ្លងរាលដាលចូលដល់ធនាគារស្វីស។ កាលពីថ្ងៃព្រហស្បតិ៍ ភាគហ៊ុនរបស់ធនាគារធំទី២របស់ស្វីស គឺធនាគារ Credit Suisse បានធ្លាក់ចុះខ្លាំង មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់ធនាគារមួយនេះ។ តម្លៃភាគហ៊ុនរបស់ធនាគារស្វីស Credit Suisse ធ្លាក់ចុះអស់៣០ភាគរយ។ ការផ្តើមធ្លាក់ចុះនេះ គឺនៅពេលប្រធានធនាគារអារ៉ាប៊ីសាអូឌីត ដែលមានចំណែកភាគហ៊ុនប្រមាណ១០ភាគរយរបស់ធនាគារ Credit Suisse បានប្រកាសថា ធនាគារអារ៉ាប៊ីសាអូឌីត គ្មានផែនការវិនិយោគបន្ថែមទៅក្នុងធនាគារស្វីស ដោយការចូលទៅសង្រ្គោះ តាមរយៈការជួយទិញភាគហ៊ុន ដូចកាលពីខែវិច្ឆិកា កន្លងទៅនោះទេ។

ការប្រកាសរបស់ប្រធានធនាគារអារ៉ាប៊ីសាអូឌីតនេះហើយ បានបង្កឱ្យមានការរំជើបរំជួល នៅទីផ្សារភាគហ៊ុន នៅពេល អ្នកវិនិយោគចាប់ព្រួយបារម្ភពីការឆ្លងរាលដាលវិបត្តិធនាគារ នៅក្រោយការដួលរលំធនាគារអាម៉េរិក SVB នេះ។ ចុះសំណួរសួរថា ហេតុអ្វីប្រធានធនាគារ អារ៉ាប៊ីសាអូឌីត ចេញមកប្រកាសលែងវិនិយោគបន្ថែមនៅពេលនេះ? នេះគឺដោយសារតែមូលហេតុចម្បងដដែលមួយ គឺការបារម្ភភ័យខ្លាចរបស់អ្នកវិនិយោគចំពោះស្ថានការណ៍ហិរញ្ញវត្ថុសកល។ និយាយជារួម ទាំងសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុសកល មិនទាន់ធ្លាក់ចូលទៅក្នុងជ្រោះនៃវិបត្តិទាំងស្រុងនោះទេ ប៉ុន្តែគេក៏មិនត្រូវមើលរំលងបញ្ហានេះដែរ ខណៈអ្នកដែលរងគ្រោះភ្លាមៗ ដែលយើងអាចមើលឃើញបាននៅពេលនេះ គឺក្រុមហ៊ុនបច្ចេកវិទ្យា Startup ទាំងអស់ដែលពឹងផ្អែកលើធនាគារ SVB កន្លងមក។
ក្រុមហ៊ុនក្មេងខ្ចីក្នុងវិស័យបច្ចេកវិទ្យា បានរងផលប៉ះពាល់ភ្លាមៗនៃការដួលរលំ SVB ដោយពួកគេលែងមានមូលនិធិ និងការទទួលបានដើមទុនសម្រាប់ការវិនិយោគតទៅទៀត។ បច្ចុប្បន្ន អាជីវកម្មជាច្រើនត្រូវបានរាំងស្ទះ មិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការ សម្រាប់ភាពរីកចម្រើន និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេឡើយ។ ប្រការនេះអាចប៉ះពាល់មួយផ្នែកលើវិស័យបច្ចេកវិទ្យា ដែលកំពុងតែមានសន្ទុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទន្ទឹមនេះ ការដួលរលំនៃ SVB ដែលអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុកាន់តែធំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ខណៈដែលអ្នកផ្តល់ប្រាក់កម្ចី និងវិនិយោគិនផ្សេងទៀត អាចនឹងផ្តើមគិតគូរឡើងវិញ ពីការបណ្តាក់ទុនរបស់ពួកគេលើវិស័យបច្ចេកវិទ្យា ប្រកបដោយហានិភ័យ។ នេះអាចនាំឱ្យមានការធ្លាក់ចុះនៃលទ្ធភាពទទួលបានដើមទុនសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មីៗ ដែលនាំឱ្យមានការថយចុះចំពោះការច្នៃប្រឌិតបច្ចេកវិទ្យា និងចុងក្រោយឈានទៅប៉ះពាល់នឹងកំណើនសេដ្ឋកិច្ចជារួម។
សេណារីយ៉ូមួយទៀត គឺវាអាចជះឥទ្ធិពលលើសេដ្ឋកិច្ចទាំងមូលកាន់តែខ្លាំង បើសិនវិស័យបច្ចេកវិទ្យាមានសភាពអន់ថយ ព្រោះវាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងភាពមានការងារធ្វើ។ ប្រសិនបើឧស្សាហកម្មបច្ចេកវិជ្ជាជួបប្រទះនឹងការធ្លាក់ចុះ វាអាចជះឥទ្ធិពលយ៉ាងគំហុកដល់សេដ្ឋកិច្ចទាំងមូល រួមទាំងក្នុងវិស័យអចលនទ្រព្យ ការផលិត និងការលក់រាយបន្តកន្ទុយគ្នា ព្រោះស្ទើរគ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ន គឺពឹងផ្អែកលើបច្ចេកវិទ្យាដែលបានដើរតួនាទីយ៉ាងសំខាន់។

បន្ថែមពីលើនេះ ប្រសិនបើឧស្សាហកម្មបច្ចេកវិទ្យាជួបប្រទះនឹងការធ្លាក់ចុះ វាអាចបង្កឱ្យការបាត់បង់ការងារកើនឡើង និងកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ មិនត្រឹមតែសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ថែមទាំងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ការនាំចេញ និងការវិនិយោគផងដែរ។
សូមជម្រាបថា បន្ថែមពីលើផលប៉ះពាល់សេដ្ឋកិច្ចទាំងនេះ ការដួលរលំនៃ SVB ក៏កំពុងចោទជាសំណួរឡើងអំពីតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុទាំងធំទាំងតូច នៅជុំវិញពិភពលោកដែលនៅសេសសល មិនដួលរលំនោះ ថាតើពួកគេអាចជំរុញការបង្កើតថ្មី និងកំណើនវិស័យបច្ចេកវិទ្យាបានកម្រិតណា។ តើស្ថាប័នទាំងនោះ អាចធ្វើដូច SVB ដែលរកស៊ីភាគច្រើនជាមួយក្រុមហ៊ុនថ្មីៗ សំដៅជំរុញផ្នែកបច្ចេកវិទ្យាបានកម្រិតណា? បច្ចេកវិទ្យាមានការរីកចម្រើន គឺពឹងផ្អែកខ្លាំងលើអ្នកផ្តល់ប្រាក់កម្ចី និងអ្នកវិនិយោគ ដើម្បីផ្តល់ដើមទុនដែលត្រូវការសម្រាប់ជំរុញការបង្កើតថ្មី៕



