
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ដែលពន្យារពេលសាងសង់ច្រើនលើកច្រើនសា។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រាប់អ្នកយកព័ត៌មានថា ឯកឧត្តមយល់ថាការសាងសង់ [សាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន] នឹងមិនរួចរាល់នៅខែឧសភាខាងមុខទេ ទោះជាមានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ក្ដី។

គិតត្រឹមខែមីនានេះ ក្រុមហ៊ុនសាងសង់បាន៨២% ហើយតាមការគ្រោងទុក គ្រោងបញ្ចប់នៅខែឧសភា។ ក្រុមហ៊ុនសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន បានពន្យាររពេលច្រើនដងរួចមកហើយ ដោយលើកទី១ គឺពន្យារ១៦៤ថ្ងៃ លើកទី២ពន្យារ២០០ថ្ងៃ ហើយក្រុមហ៊ុនបានសុំពន្យារថែមទៀត ទើបត្រូវរដ្ឋមន្រ្តីក្រសួងសាធារណការព្រមានថានឹងចូលដល់ករណីផាកពិន័យហើយ គឺក្នុងខែឧសភាខាងមុខ។
បើគ្មានច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀនទេនោះ ទំនិញត្រូវឆ្លងកាត់ប៉ោយប៉ែត អរញ្ញប្រាថេតនឹងត្រូវកកស្ទះ ដូច្នេះបានជាក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញភាគីថៃច្រើនលើកច្រើនសា អស់រយៈពេលប្រមាណ២ឆ្នាំហើយ ឱ្យជួយបើកច្រកស្ទឹងបត់-បានណងអៀននេះជាបណ្តោះអាសន្ន ប៉ុន្តែខាងភាគីថៃធ្លាប់បានលើកឡើងថា បើកមិនទាន់បានដោយសារបញ្ហានីតិវិធី។

ប៉ុន្តែក្រោយពេលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានឆេះ ស្រាប់តែខាងភាគីថៃឱ្យបើកច្រកស្ទឹងបត់-បានណងអៀន យ៉ាងលឿនទៅវិញ។ ការបើកប្រើប្រាស់ជាបណ្ដោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន គឺដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ។
ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន មានទីតាំងស្ថិតនៅប្រមាណ ៧គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគម្រោងនេះរួមមាន៖ ការសាងសង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ និងការសាងសង់ច្រកទ្វារ ដែលបច្ចុប្បន្នសំណង់ស្ពានគឺរួចរាល់ហើយ ចំណែកឯសំណង់ដែលនៅសល់គឺគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ គម្រោងនេះធ្វើឡើងក្រោមឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្រោមទឹកប្រាក់ប្រមាណ ២៦,៥ លានដុល្លារអាមេរិក៕









