
ក្រចេះ៖ គ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាថ្មគ្រែ ក្នុងខេត្តក្រចេះ រងការចោទថា រើសអើងកូនសិស្សដែលជាកូនអ្នកក្រ បានជេរប្រមាថកូនសិស្សថាក្ររហាម ដោយយកអំបោសវ៉ាយសិស្សឱ្យរងរបួសស្នាមទៀតផង។
តាមប្រភពដែលបានផ្តល់ព័ត៌មានមក SBM News គ្រូបង្រៀនដែលរងការចោទនេះ មាន ឈ្មោះ ភោគ វណ្ណៈ។ អ្នកគ្រូ ភោគ វណ្ណៈ ត្រូវបានរាយការណ៍ថា គាត់ជេរប្រមាថ និងវាយសិស្ស ដោយសារតែចង់បានសិស្សមករៀនគួរជាមួយខ្លួន និងជួយទិញនំចំណីដែលលក់ដូរនៅក្នុងថ្នាក់រៀន។ កូនសិស្សដែលបានរងរបួសធ្ងន់មានពីរនាក់ ខណៈសិស្សផ្សេងទៀតក៏រងសម្ពាធផ្លូវចិត្តដែរ ដោយសារទង្វើរបស់ហិង្សារបស់គ្រូបង្រៀននៅសាលាបឋមសិក្សាថ្មគ្រែម្នាក់នេះ។ តាមប្រភពដដែល បានឱ្យដឹងថា គ្រូបង្រៀនដែលរងការចោទរូបនេះ បានហៅសារព័ត៌មានមួយឱ្យផ្សាយព័ត៌មានមានដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនទៀតផង។

ជុំវិញបញ្ហានេះ នាយកសាលាថ្មគ្រែ យិន បូរ៉ា ក៏រងការចោទថា មិនអើពើចំពោះបាតុភាពដែលកើតឡើងក្នុងសាលាឡើយ។ ប្រភពលើកឡើងថា៖ «លោកគ្រូនាយក ឈ្មោះ យិន បូរ៉ា គាត់មិនដែលខ្វាយខ្វល់អីជាមួយបុគ្គលិកទេ គាត់មិនសូវមកសាលាទេ ទៅតែស្រែ មើលតែគោ បុគ្គលិកណាលក់នំក៏លក់ទៅ អ្នកណាវាយគ្នាក៏វាយទៅ សូម្បីតែក្មេងរងគ្រោះ គាត់អត់មានមកសួរនាំមួយម៉ាត់ទេ»។
នាយកសាលាថ្មគ្រែយិន បូរ៉ា ដែលរងការចោទជាមន្ត្រីអប់រំដែលអសកម្ម ត្រូវបានពលរដ្ឋអំពាវនាវដល់ប្រធានមន្ទីរអប់រំខេត្តក្រចេះ លោក ឡាយ បូរ៉ា ឱ្យត្រួតពិនិត្យ និងមានវិធានការលើមន្ត្រីក្រោមឱវាទរូបនេះផងដែរ ព្រោះបញ្ហាសិស្សរងគ្រោះ មិនត្រូវបានដោះស្រាយអាចទទួលយកបាននោះឡើយ ខណៈអាណាព្យបាលសុទ្ធតែក្រីក្រ ហើយពុំមានលទ្ធភាពដាក់ពាក្យបណ្តឹងបន្តនៅរងភាពអយុត្តិធម៌ ហើយកូនៗរបស់ពួកគេនៅតែរងហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត៕



