
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ អំពាវនាវដល់ពលរដ្ឋរស់នៅចំនួន ៥សង្កាត់ សូមជួយកាត់បន្ថយការប្រើប្រាស់ទឹក ពោលគឺប្រើដោយសន្សំសំចៃបំផុតខណៈទឹកស្ទឹងមានការស្រកចុះជាគំហុកគួរឱ្យព្រួយបារម្ភ...។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យ SBM News ដឹងនៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣នេះថា លោកមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពស្រកចុះនៃទឹកស្ទឹង ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ ធ្វើស្រែចម្ការ នឹងចម្រោះជាទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលស្ថានភាពទឹកស្ទឹងពេលនេះកំពុងតែមានការស្រកចុះ។ ដោយបន្តថាដោយហេតុនេះហើយទើបរដ្ឋបាលក្រុងបានចេញសេចក្ដីប្រកាសមួយអំពាវនាវ ដល់ពលរដ្ឋរស់នៅចំនួន ៥សង្កាត់ មានដូចជាសង្កាត់ព្រះពន្លា សង្កាត់អូអំបិល សង្កាត់ទឹកថ្លា សង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ឱ្យមានការប្រើទឹកដោយសន្សំសំចៃបំផុតចៀសវាងការប្រើប្រាស់ច្រើនលើកម្រិតធ្វើឱ្យអស់ទឹកប្រីប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះ។

អភិបាលក្រុងរូបនេះបានបន្តថា មូលហេតុដែលទឹកស្ទឹងឆ្នាំនេះមានកាស្រកចុះគួរឱ្យព្រួយបារម្ភ ដោយសារតែកត្តាអាកាសធាតុក្ដៅខ្លាំង និងដោយសារបងប្អូនប្រជាពលរដ្ឋងាកមកធ្វើស្រែច្រើនជាងឆ្នាំមុនៗ ដោយក្នុងមួយឆ្នាំតំបន់ខ្លះធ្វើដល់ទៅបីដង ហើយការធ្វើស្រែទាំងប្រាំងទាំង វស្សានេះ គឺប្រីប្រាស់ទឹកស្ទឹងសិរីសោភ័ណ១០០%តែម្ដង។

ដោយឡែកបើតាម លោក អ៊ុំ វិណារ៉ា អភិបាលរងក្រុងសិរីសោភ័ណ បានចុះពិនិត្យតាមបណ្តាលសង្កាត់មួយចំនួនរួច លោកបានឱ្យដឹងថាស្ថានភាពទឹកស្ទឹង ដែលកំពុងមានការស្រកខ្លាំងជាងគេគឺស្ថិតនៅត្រង់ចំណុចកោះពងសត្វ ដែលអាចប្រឈម នឹងការខ្វះទឹកប្រើប្រាស់ក្នុងពេលដ៏ខ្លឺខាងមុខនេះ។
គួរបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ អាជ្ញាធរក្រុងនៅតែអំពាវនាវម្ដងហើយម្ដងទៀត ដល់ប្រជាពលរដ្ឋ នឹងប្រជាកសិករ សូមកាត់បន្ថយការប្រើប្រាស់ និងប្រីប្រាស់ដោយសន្សំសំចៃ ជៀសវាងអស់ទឹកប្រីប្រាស់មុនរដូវវស្សាចូលមកដល់៕ រាយការណ៍ដោយ៖ លោក ឈុន មករា





