
(គុនខ្មែរ)៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រគុនខ្មែរបានចែករំលែកសារពីការចង់ជួបជាថ្មីរបស់តារាថៃហ្វៃត៍សៃយុគ ជាមួយនឹងកីឡាករ ដែលមានរហស្សនាមពូថៅកែងពិឃាត ធឿន ធារ៉ា ដើម្បីស្រាយគំនុំចាស់ ខណៈការប្រកួតដណ្ដើមខ្សែក្រវាត់ និងពានស្តេចថៃកាលពីលើកមុន កឺការបរាជ័យនោះហាក់លឿនពេក…។

បន្ទាប់ពីកីឡាករថៃសៃយុគ ផ្តួលជើងខ្លាំងបរទេស២ប្រកួតជាប់ៗគ្នានៅសង្វៀនថៃហ្វៃត៍ ពេលនេះ ខ្លាកំណាច ដែលជាកីឡាករជើងចាស់របស់ថៃមួយនេះ បានបោះពាក្យសម្ដីចង់ជួបដៃគូចាស់របស់ខ្លួន គឺកីឡាករ ធឿន ធារ៉ា ជាថ្មីម្ដងទៀត ព្រោះតែជំនួបលើដំបូង រវាងកីឡាករសៃយុគ និងកីឡាករ ធឿន ធារ៉ា រូបគេអះអាងថា ជាការភ្លាត់ស្នៀត ដែលឱ្យកីឡាករ ធឿន ធារ៉ា វាយចូលក្បាលពោះជាច្រើនដៃ និងបានវាយកែងសន្ធាប់បណ្តាលឱ្យបែកលើថ្ងាសខាងស្តាំធំខ្លាំងរហូតត្រូវលោកអាជ្ញាកណ្ដាលសម្រេចចិត្តបញ្ឈប់ការប្រកួតភ្លាមៗ និងបានប្រគល់ជ័យជម្នះនោះទៅឱ្យកីឡាករ ធឿន ធារ៉ា តែម្ដង។ យ៉ាងណា កីឡាករ សៃយុគ ត្រូវ បានគេមើលឃើញថា ជាកីឡាករថៃម្នាក់ដែលមានសីលធម៌ល្អ និងមានទឹកចិត្តជាអ្នកកីឡាយ៉ាងពិតប្រាកដ ព្រោះក្រោយពីត្រូវអាជ្ញាកណ្តាលបញ្ឈប់ រូបគេបានដើរមកអបអរកីឡាករ ធឿន ធារ៉ា និងទទួលស្គាល់ការបរាជ័យរបស់ខ្លួនផងដែរ។

ការដណ្ដើមបានជ័យជម្នះលើជើងខ្លាំងថៃរូបនេះ កេរ្តិ៍ឈ្មោះកីឡាករ ធឿន ធារ៉ា បានហក់ឡើងយ៉ាងត្រដែតលើវិស័យគុនខ្មែរ ដោយបច្ចុប្បន្ន កីឡាករធឿន ធារ៉ា បានក្លាយជាស៊ុភើរស្តាររបស់គុនខ្មែរ ហើយសង្វៀនក្នុងស្រុកបានប្រជែងគ្នាដណ្ដើមយកកីឡាករ ធឿន ធារ៉ា ទៅប្រកួតជារៀងរាល់សប្តាហ៍ជាមួយកីឡាករបរទេស ខណៈរូបគេក៏ដណ្តើមបានខ្សែក្រវាត់ជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងនោះ ជំនួបដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកជាមួយកីឡាករសញ្ជាតិប្រេស៊ីល គឺកីឡាករ ធីអាហ្គោ ក៏បានជួយពង្រីកកេរ្តិ៍ឈ្មោះ កីឡាករ ធឿន ធារ៉ា បានមួយកម្រិតទៀត ទាំងសង្វៀនក្នុងស្រុក និងអន្តរជាតិ។ កីឡាករ ធីអាហ្គោ ដ្បិតថា ចាញ់កីឡាករ ធឿន ធារ៉ា ប៉ុន្តែរូបគេបែរជាទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រកម្ពុជា និងធ្វើឱ្យកីឡាកររូបនេះ សម្រេចចិត្តចង់មករស់នៅកម្ពុជា និងបានមករៀនក្បាច់គុនខ្មែរ ពីប្រទេសកម្ពុជា មុនរូបគេឡើងយន្តហោះទៅប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកមួយទៀត នៅឯប្រទេសអង់គ្លេស។

យ៉ាងណា បើតាមអ្នកគាំទ្រកម្ពុជាមួយចំនួនធំ ហាក់មានបំណងចង់ឱ្យតារាថៃហ្វៃត៍សៃយុគ ជួបប្រកួតជាមួយកីឡាករ ធឿន ធារ៉ា ជាថ្មីម្ដងទៀត ប៉ុន្តែពួកគេភាគច្រើនចង់ឱ្យអ្នករៀបចំ(ប្រូម៉ូទ័រ) យកកីឡាករ សៃយុគ មកប្រកួតនៅស្រុកខ្មែរវិញម្ដង។ ប៉ុន្តែរឿងនោះទំនងជាមិនអាចកើតមានឡើងទេ ព្រោះកីឡាករសៃយុគ ជាតារាថៃហ្វៃត៍ដែលមានកុងត្រាច្បាស់លាស់ ដូច្នេះ ប្រហែលជាភាគីថៃហ្វៃត៍មិនអនុញ្ញាតឱ្យកីឡាករជាប់កុងត្រារបស់ខ្លួនចេញប្រកួតនៅក្រៅសង្វៀន ដែលមិនមែនជាការរៀបចំដោយថៃហ្វៃត៍នោះឡើយ។ សម្រាប់មហាជនកម្ពុជា នៅតែជឿជាក់ថា កីឡាករ ធឿន ធារ៉ា នៅតែអាចយកឈ្នះ កីឡាករ សៃយុគ បានដដែល ហើយបើក្នុងករណី ធឿន ធារ៉ា ចាញ់ ក៏ព្រឹត្តិការណ៍ប្រកួតនោះដឹងតែកក្រើកខ្លាំងដែររវាងជើងខ្លាំងទាំងពីរ។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកីឡាករ៣រូប ដែលកំពុងសាយភាយកេរ្តិ៍ឈ្មោះខ្លាំងទៅកាន់ឆាកអន្តរជាតិ នោះគឺកីឡាករ ធឿន ធារ៉ា, កីឡាករ ព្រំ សំណាង និងកីឡាករ ពេជ្រ សម្បត្តិ ដែលមហាជនតែងនិយមហៅថា កីឡាករក្របីព្រៃមុខតាន់ ពេជ្រ សម្បត្តិនោះឯង..៕





