
ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា នាថ្ងៃព្រហ្បតិ៍ទី០២ ខែមីនា ឆ្នាំ២០២៣ មានការរំពឹងថា ចំនួនរថយន្តដឹកជញ្ជូនអ្នកដំណើរលើផ្លូវល្បឿងលឿន នឹងកើនឡើង។

អនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរទៅមក រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿន ក៏ដូចជាតម្រង់ទិសកិច្ចសហប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅតែមួយ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួល ដោយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានបួនចំណុច គឺ៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤) ការពិភាក្សាលើការស្នើសុំតម្លៃពិសេស សម្រាប់យានយន្តអគ្គិសនី ដែលនឹងចរចានៅពេលក្រោយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ CAMBA និង CPEC ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ននេះ ក្នុងការបង្កើនចំនួនចរាចរណ៍លើផ្លូវល្បឿនលឿន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធ និងមួយផ្នែកទៀតគឺជំរុញការប្រើប្រាស់រថយន្តក្រុងដើរដោយថាមពលអគ្គិសនី សំដៅចូលរួមការការពារបរិស្ថាន និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ៕



