ក្រោយខេត្តតាកែវរងការរិះគន់ថាអសន្តិសុខ ស្នងការបកស្រាយបំភ្លឺ
SBM News
02 មីនា 2023 10:00 AM

ភ្នំពេញ៖ សភាពការណ៍សន្តិសុខខេត្តតាកែវដែលថ្មីៗនេះរងការរិះគន់ថាអសន្តិសុខ រហូតដល់អ្នកខ្លះថាមិនហ៊ានទៅតាកែវទេ ខ្លាចទៅតាកែវជិះឡានមកវិញជិះចានជាដើមនោះ ពេលនេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបំភ្លឺថា ពិតជាមានករណីក្មេងទំនើងកាប់សម្លាប់គ្នាសាហាវពិតមែន ហើយអាជ្ញាធរបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែមានជនឆ្លៀតឱកាសមួយចំនួនបំពុលព័ត៌មាន ឬផ្សាយព័ត៌មានបំប៉ោង ទើបបានជាធ្វើឱ្យខេត្តតាកែវល្បីរឿងមិនល្អបែបនេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តតាកែវ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការខេត្តតាកែវ លើកឡើងថា ករណីចំនួនពីរ គឺសិស្សសាលាកាប់សម្លាប់គ្នា និងករណីគប់កញ្ចក់រថយន្ត ជាព្រឹត្តិការណ៍បទល្មើសក្នុងខេត្តតាកែវ ដែលធ្វើឱ្យមានភាពល្បីល្បាញថ្មីៗ។

ដើម្បីកេងចំណេញ បានLIKE បាន SHARE អ្នកខ្លះឆ្លៀតឱកាសបានយកព្រឹត្តិការណ៍ទាំងនេះ [ព្រឹត្តិការណ៍បទល្មើសក្នុងខេត្តតាកែវ] ទៅត្រូវបង្ហោះក្នុងផេកហ្វេសប៊ុក ហើយថែមទាំងក្លែងព័ត៌មានពីរឿងតូចធ្វើឱ្យទៅជារឿងធំ និងកោះកកាយរឿងដែលបានកើតឡើងតាំងពីរយូរមកហើយផ្សាយឡើងវិញជាដើម។​ ករណីក្មេងទំនើងគប់កញ្ចក់រថយន្តនៅស្រុកត្រាំកក់ កាលពីខែមករាជាដើម គឺមិនមែនជាករណីប្លន់ដូចការផ្សាយមួយចំនួននោះទេ។

តាមការស្រាវជ្រាបរបស់សមត្ថកិច្ច បញ្ជាក់ថានោះជាករណីក្មេងទំនើងប្រដាប់ដោយដុំថ្ម ជិះម៉ូតូដេញគប់គ្នា ប៉ុន្តែបែរជាគប់ត្រូវអ្នកផ្សេងកំពុងជិះរថយន្តទៅវិញ ដែលក្រោយមកសមត្ថកិច្ចស្រាវជ្រាវឃាត់បានជនសង្ស័យ ៤នាក់ ចាប់បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ ដូច្នេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានអំពាវនាវដល់សាធារណជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រួមទាំងអ្នកសារព័ត៌មានទាំងអស់ ចូលរួមបំបាត់ព័ត៌មានក្លែងក្លាយទាំងនេះផងដែរ។

ក្នុងរយៈពេល ០៥ឆ្នាំកន្លងមកនេះ សមត្ថកិច្ចខេត្តតាកែវ បង្ក្រាបក្មេងទំនើង​ ១៩៣នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ២០នាក់។ ដោយឡែក បទល្មើសព្រហ្មទណ្ឌសរុបចំនួន ៩៩៥ករណី បង្រ្កាបជាក់ស្តែងបានចំនួន៩៧៩ករណី ចាប់ខ្លួនបានចំនួន ១ ១៧៦នាក់ ស្មើនឹង ៩៨ភាគរយ៕ 

ក្មេងស្ទាវមួយក្រុម ដែលបានកាប់ទៅលើយុវជនម្នាក់ ទាំងដែលគ្មានជម្លោះជាមួយគ្នា នៅលើផ្លូវជាតិលេខ២ កាលពីថ្ងៃទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ
ក្មេងស្ទាវមួយក្រុម ដែលបានកាប់ទៅលើយុវជនម្នាក់ ទាំងដែលគ្មានជម្លោះជាមួយគ្នា នៅលើផ្លូវជាតិលេខ២ កាលពីថ្ងៃទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត