
ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ..។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត និងបន្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកមិញនេះ ។

សូមរំលឹកថា កាលពីវេលាម៉ោង២១:១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កូនថង់កិប ទម្ងន់១,០៥ក្រាម និងសម្ភារផ្សេងៗព្រមទាំងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះ។ ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យសារភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀននេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត៕រាយការណ៍ដោយ៖ លោក ឈុន មករា



