ក្រុមសម្តែងគុនល្បុក្កតោ១២០០នាក់ និងបង្ហាញទម្រង់ទស្សនីយភាពពីរធំៗ ក្នុងពិធីបើក-បិទស៊ីហ្គេម ២០២៣
អុន សម្ផស្ស
28 កុម្ភៈ 2023 07:15 AM

រាជធានីភ្នំពេញ៖ អ្នកជំនាញអះអាងថា ក្រុមសម្តែងគុនល្បុក្កតោចំនួន១២០០នាក់ នឹងសម្តែងទម្រង់ទស្សនីយភាពចំនួនពីរធំៗ ដើម្បីធ្វើឱ្យកាន់តែអស្ចារ្យនៅ​ក្នុង​ពិធី​បើក-បិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិ​សាស្ត្រ​​ដំបូងរបស់ប្រទេសកម្ពុជា…។

ថ្លែងក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ដើម្បីអបអរសាទរកម្មវិធីបើក-បិទ ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌៀង​ សារុន នាយរងសេនាធិការចម្រុះ នៃកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការរងប្រចាំការបញ្ជាការ​ដ្ឋាន​អង្គរក្ស។ កាល​ពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ួ​ តារា​ អគ្គលេខាធិការរងសហព័ន្ធ​កីឡា​គុន​ល្បុក្កតោកម្ពុជា បានឱ្យដឹងថា ក្នុងពិធីបើក-បិទស៊ីហ្គេម ២០២៣ ក្រុមសម្តែងទស្សនីយ៍ភាពគុនល្បុក្កតោ ទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់សហការជាមួយ​បញ្ជា​ការដ្ឋានអង្គរក្ស ដើម្បីរៀបចំសម្តែងទស្សនីយភាពដ៏អស្ចារ្យ និងមានទម្រង់ចំនួនពីរធំៗគឺទី១ ផែន​ទស្សនីយភាពរុងរឿងសម័យអង្គរ និងទី២ គុនល្បុក្កតោសម័យទំនើប ​ ដែលបានធ្វើទំនើបកម្មគុន​ល្បុក្កតោ​ទៅ​ជាចង្វាក់ភ្លេងជាមួយ នឹងបច្ចេកវិទ្យាភ្លើង LED ដែល និងឆ្លុះបញ្ចាំងពីទស្សនីយភាពថ្មីមួយ នៃភាពរុងរឿង​របស់​កម្ពុជា។ ដូច្នេះ លោក សង្ឃឹមថា តាមរយៈការហាត់សមនេះ នឹងបង្ហាញចេញ​នូវភាព​អស្ចារ្យក្នុងពិធីបើកស៊ីហ្គេម។

លោកបញ្ជាក់ថា សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោ នឹង​មានកម្លាំងមនុស្ស​ចំនួន១២០០នាក់ ដែលនេះជាចំនួនតិច បើធៀបជាមួយចំនួនមនុស្សដែលបានចូលរួមសម្តែងក្នុង​ព្រឹត្តិការណ៍កីឡា​ជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២កន្លងទៅ។ ប៉ុន្តែគុណភាព និងទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ លោកថា នឹងព្យាយាមធ្វើឱ្យល្អ និងអស្ចារ្យតាមគោលដៅ​ដែលបានគ្រោងទុក។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា ក្នុងកម្មវិធីបិទស៊ីហ្គេម ក៏នឹងមានកងកម្លាំង៦០០នាក់ សម្តែងទស្សនីយ​ភាព​មួយ «មហាព្រលឹងគុនល្បុក្កតោ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ គឺនៅសល់រយៈពេលត្រឹមតែ៦៦ថ្ងៃទៀតប៉ុណ្ណោះ​ និងឈានដល់កម្មវិធីបើក-បិទស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត