(ស៊ីហ្គេម)៖ សារព័ត៌មានវៀតណាម Vietnam Plus បានឱ្យដឹងថា អត្តពលិកក្បាច់គុនល្បុក្កតោ(វៀតណាម) បានត្រៀមខ្លួន ដើម្បីបង្ហាញនូវជំនាញក្បាច់គុនរបស់ពួកគេ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) នៅកម្ពុជា។ ក្នុងនោះវៀតណាម ក៏នឹងបញ្ជូនអត្តពលិកក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនប្រពៃណីខ្មែរមកចូលរួមព្រឹត្តិការណ៍ខាងលើនេះផងដែរ...។

លោក ឡឺ ង៉ុកគួង Le Ngoc Quang អគ្គលេខាធិកាសហព័ន្ធកីឡាក្បាច់គុនវៀតណាម បានជឿជាក់ថា អត្តពលិកក្បាច់គុនវៀតណាម នឹងអាចប្រើប្រាស់ចំណេះជំនាញក្បាច់គុនផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានល្អបំផុត នៅក្នុងការប្រកួតព្រឹត្តិការណ៍នេះ។ ល្បុក្កតោ បានចែករំលែកភាពស្រដៀងគ្នាជាច្រើនជាមួយនឹងក្បាច់គុនវៀតណាម ដែលធ្វើឱ្យវាមានលក្ខណៈធម្មជាតិសម្រាប់ក្រុមអត្តពលិកវៀតណាម។ លោកបានបន្តថា ជាមួយនឹងលទ្ធផល ក្រុមអត្តពលិកក្បាច់គុនវៀតណាម ត្រូវបានរំពឹងថា នឹងធ្វើបានល្អ និងមានសក្ដានុពលក្នុងការនាំយកមេដាយមួយចំនួនត្រឡប់មកផ្ទះផងដែរ។

ដោយឡែកលោក លោកបួយ ចឹងហៀវ Bui Trung Hieu អនុប្រធានសហព័ន្ធកីឡាក្បាច់គុនវៀតណាម បានលើកឡើងថា ដើម្បីធានាបាននូវគុណភាពវិជ្ជាជីវៈខ្ពស់ សហព័ន្ធបានជ្រើសរើសអត្តពលិកក្បាច់គុន ដែលមានសមិទ្ធិផលខ្ពស់ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាជាតិនាពេលថ្មីៗនេះ ហើយពួកគេនឹងចូលរួមប្រកួតជាមួយនឹងទម្រង់ដ៏ល្អបំផុត បូករួមនឹងកម្លាំងផ្លូវចិត្តក្នុងការប្រកួតនាពេលខាងមុខនៅកម្ពុជា។ ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី០៥ ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយនៅក្នុងនោះក្រុមអត្តពលិកក្បាច់គុនវៀតណាម នឹងចូលរួមក្នុងការប្រយុទ្ធដោយដៃ និងការប្រើប្រាស់អាវុធជាច្រើនប្រភេទនៃវិញ្ញាសាគុនល្បុក្កតោរបស់កម្ពុជាមួយនេះ...៕
