ពលរដ្ឋលើកជាសំណួរ ដើម្បីជាការតបស្នង តើគួរសង់រូបសំណាក់លោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែរឬទេ?
អាន ប៊ុនរ័ត្ននៈ
04 មិថុនា 2025 05:45 AM

រាជធានីភ្នំពេញ៖ លោកតាព្រឹទ្ធាចារ្យក្រមាមាសផ្នែកយុទ្ធគុនល្បុក្កតោ សាន គឹមស៊ាន បានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ យ៉ាងណា មានការលើកឡើងពីមហាជនថា មន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធ គួរសង់រូបសំណាក លោកតាព្រឹទ្ធាចារ្យក្រមាមាស ទុកជាការតបស្នងសងគុណបំណាច់ ចំពោះការលះបង់របស់លោកតាពេញមួយជីវិត ដើម្បីស្រាវជ្រាវចងក្រងក្បាច់គុនល្បុក្កតោឱ្យរស់ឡើងវិញ និងមានការទទួលស្គាល់ពេញសកលលោក...។

លោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន
លោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន

សូមបញ្ជាក់ថា លោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា, និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងដែរ។ លោកតាព្រឹទ្ធាចារ្យ កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៤៥។ សូមរំឭកថយក្រោយបន្តិចថា ក្នុងសម័យប៉ុល ពត (១៩៧៥-១៩៧៩) អ្នកដែលធ្លាប់ហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរភាគច្រើនលើសលុប ត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល ខណខ្លះរត់ភៀសខ្លួន ឬលាក់ខ្លួនពួនអាត្មាមិនប្រាប់គេឯងថា ខ្លួនចេះក្បាច់គុនឡើយខ្លាចគេយកទៅសម្លាប់ និងខ្លះទៀតឈប់បង្រៀនសិស្សតែម្តង ធ្វើឱ្យក្បាច់គុនបុរាណខ្មែរមួយប្រភេទនេះ បាត់ឈ្មោះពីបញ្ជីក្បាច់គុនអស់ជាច្រើនទសវត្សរ៍។

យ៉ាងណា លោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានរត់ភៀសខ្លួនទៅដល់សហរដ្ឋអាម៉េរិក បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅ​ឆ្នាំ១៩៩២ ដោយបានយកក្បាច់គុនល្បុក្កតោដែលលោកតាធ្លាប់បានហាត់រៀន កាលពីស្រុកនៅមិនទាន់កើតសង្គ្រាម យកមកបង្ហាត់សិស្សគុនដែលជាកូនខ្មែរជំនាន់ក្រោយឡើងវិញ។ នៅឆ្នាំ ២០០១ លោកតាព្រឹទ្ធាចារ្យ ក៏បានផ្លាស់ទីលំនៅមករស់នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតពីអតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ព្រះបរមរតនកោដ្ឋ ឱ្យចាប់ផ្តើមបង្រៀនយុវជននៅទីជនបទ។ ជាមួយគ្នាផងដែរ លោកតាព្រឹទ្ធាចារ្យក្រមាមាស ក៏បានដើរប្រមូលរកលោកគ្រូក្បាច់គុនចាស់ៗដែលនៅសេសសល់កំពុងសម្ងំលាក់ខ្លួនពីគ្រប់ខេត្តក្រុងទាំងអស់ ដើម្បីចងក្រងសៀវភៅក្បាច់គុនល្បុក្កតោមួយនេះឡើង ស្របពេលដែលប្រជាជនខ្មែរក៏បានចូលរួមហ្វឹកហាត់ក្បាច់គុនដូនតាមួយនេះយ៉ាងផុសផុលដូចគ្នា។

កាន់តែពិសេសបំផុតនោះ «គុនល្បុក្កតោ» មិនត្រឹមតែមានពលរដ្ឋខ្មែរហ្វឹកហាត់ក្បាច់គុនដូនតាខ្លួនប៉ុណ្ណោះទេ ក្បាច់គុនមួយនេះ ក៏ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន យកទៅបង្វឹកក្រុមអត្តពលិក និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយបើគិតមកដល់បច្ចុប្បន្ន មានប្រទេសជិត២០ដែលមានសហព័ន្ធគុនល្បុក្កតោអន្តរជាតិ ប្រចាំប្រទេសរបស់ពួកគេ។ ស្នាដៃដ៏ធំធេងរបស់លោកតាព្រឹទ្ធាចារ្យក្រមាមាស គឺការបណ្ដុះថ្នាលគុនល្បុក្កតោតាំងពីថ្នាក់មូលដ្ឋានរហូតពង្រីកខ្លួនកាន់តែធំដល់កម្រិតបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា ដែលមានលោកតាផ្ទាល់ជាប្រធាន ហើយក៏ជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការធ្វើឱ្យមន្ត្រីជំនាញកម្ពុជានាំយកក្បាច់គុនដូនតាមួយនេះ ទៅចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។

នៅមិនទាន់អស់ត្រឹមនេះទេ សិស្សគុនដែលជាអត្ត​ព​លិ​ក​ និងកងទ័ពហ្វឹកហាត់ក្បាច់គុនល្បុក្កតោ បាន​ចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ឆ្នាំ២០២៣ (32nd SEA Games) ដែល​កម្ពុ​ជាធ្វើជាម្ចាស់ផ្ទះ។ ទាំងផ្នែកសម្ដែងបើក-បិទកម្មវិធី កីឡាករ-កិឡាការិនី បានចូលរួមប្រកួតវិញ្ញាសា «គុនល្បុក្កតោ» ដែលកម្ពុជាបានដាក់បញ្ចូលទៅក្នុងក្រមប្រតិបត្តិកីឡាអាស៊ាន ជាមួយវិញ្ញាសាកីឡា«គុនខ្មែរ»។ បច្ចុប្បន្ន ក្រៅតែពីវិញ្ញាសាកីឡា «គុនល្បុកតោ» ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងក្បាច់គុនកងយោធពលខេមរភូមិន្ទ សម្រាប់ឱ្យកងទ័ពហ្វឹកហាត់ការពារខ្លួន និងប្រយុទ្ធជាមួយគូសត្រូវ។ ដូច្នេះ តាមរយៈតឹកតាងស្នាដៃទាំងអស់នេះ មហាជនសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងពិចារណាលើការកសាងរូបសំណាក់លោកតាព្រឹទ្ធាចារ្យក្រមាមាស ទុកជូនកូនខ្មែរជំនាន់ក្រោយគោរពដឹងគុណ ដ្បិតថា លោកតាព្រឹទ្ធាចារ្យ ត្រូវបានគេចាត់ទុកជាគ្រូក្បាច់គុនខ្មែរបុរាណសម័យទំនើប ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយជាអន្តរជាតិ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត