អស្ចារ្យណាស់..! មនុស្សជាង១០០លាននាក់ ទស្សនាការផ្សាយតាមបណ្តាញព័ត៌មានអន្តរជាតិ នៃការសម្តែងគុន«ល្បុក្កតោ»នៅចិន
អុន សម្ផស្ស
22 តុលា 2024 04:30 AM

ខេត្តហឺណាន៖ ខណៈពេលបង្ហាញវត្តមានក្នុង «ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣» ក្បាច់គុន «ល្បុក្កតោ» កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានអន្តរជាតិ និងសារព័ត៌មានចិនចុះផ្សាយ ដោយទទួលបានអ្នកទស្សនារហូតដល់១០០លាននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ..។

ក្នុងនាមជាភ្ញៀវកិត្តិយស រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុន សៅលីញវូស៊ូអន្តរជាតិ កាលពីថ្ងៃទី១៩តុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ នៃប្រទេសចិន ប្រទេសក្នុងតំបន់ និងពិភពលោកចំនួន៥៦ប្រទេស និងមានអ្នកចូលរួមសរុបចំនួន២៥៦០នាក់ ព្រមទាំងមានការចូលរួមពីកីឡាករ-កីឡាការិនី និងអ្នកចូលរួមសម្ដែងប្រមាណជាង៣០០០០នាក់។ 

ថ្លែងក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជ/រដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តហឺណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាង កម្ពុជា-ចិន ផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះមានការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដែលឆ្នាំ២០២៤ គឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន»។ ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

ក្រៅតែពីការថ្លែងក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្ដែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុណសៅលីញនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម ខណៈកម្ពុជាចាត់ទុកថា ការនាំយកក្បាច់គុន«ល្បុក្កតោ»កម្ពុជា ទៅបង្ហាញនៅក្នុង«ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣» ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសចិននេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ ដ្បិត «ល្បុក្កតោ» ត្រូវបានសម្ដែងជាលើកដំបូងនៅបរិវេណមុខខ្លោងទ្វារព្រះវិហារវត្តសៅលីញដ៏ល្បីល្បាញ ហើយទទួលបានការគាំទ្រ និងកោតសរសើរ យ៉ាងខ្លាំងពីសាធារណជនជាតិ អន្តរជាតិ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមចិនយ៉ាងទូលំទូលាយ និងមានអ្នកចូលទស្សនាតាមបណ្តាញសារព័ត៌មាននានាប្រមាណ១០០លាននាក់។      

គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះ ជាបដិការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តហឺណាន បន្ទាប់ពីថ្នាក់ដឹកនាំខេត្តហឺណាន បានដឹកនាំអ្នកសម្ដែង និងកីឡាករសៅលីញ សម្ដែងរួមគ្នា ជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ «When Shaolin Meets Bokator at Angkor» កាលពីខែមេសា ឆ្នាំ២០២៤ នៅលើទឹកដីសៀមរាប-អង្គរ នាពេលកន្លងមក។ សូមជម្រាបថា ល្បុក្កតោ គឺជា​ក្បាច់គុនមហា​កម្លាំង​ដ៏ចំណាស់មួយរបស់ខ្មែរ​ ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​ ។​ល​។​ «គុនល្បុក្កតោ» ត្រូវបានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត