អបអរសាទរ! គុនល្បុក្កតោ ក្លាយជាសម្បត្តិវប្បធម៌អរូបីទី៦ របស់កម្ពុជា
K
Kimhuoy Klaing
30 វិច្ឆិកា 2022 06:00 AM

រាជធានីភ្នំពេញ៖ «គុនល្បុក្កតោ» ត្រូវបានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងបាត់បង់។

ក្រសួងបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងប្រទេសកម្ពុជា។

បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណ និងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!»។ ក្នុងន័យនេះ ក្រសួងអំពាវនាវដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃមរតកវប្បធម៌ជាតិឱ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។

គួររំលឹកថា បច្ចុប្បន្ន កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូចំនួន៩ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៣ និងសម្បត្តិវប្បធម៌អរូបីចំនួន៦ រួមមាន៖ តំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្កតោ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត